ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ បង្ហាញបញ្ជីឈ្មោះមនុស្សជិត ៣.០០០ នាក់ដែលត្រូវបានសម្លាប់នៅក្នុងភាពចលាចលថ្មីៗនេះ

តេអេរ៉ង់៖ ការិយាល័យរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចេញផ្សាយបញ្ជីឈ្មោះមនុស្សចំនួន ២.៩៨៦ នាក់ដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលភាពចលាចលថ្មីៗនេះនៅក្នុងប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ​ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន ការិយាល័យប្រធានាធិបតីបានឧ្យដឹងថា បញ្ជីនេះ ដែលរួមមានទាំងជនស៊ីវិល និងបុគ្គលិកសន្តិសុខ ត្រូវបានចងក្រងចេញពីទិន្នន័យដែលផ្តល់ដោយអង្គការវេជ្ជសាស្ត្រផ្នែកច្បាប់អ៊ីរ៉ង់ តាមបញ្ជារបស់លោក Pezeshkian។

ការិយាល័យនេះបានឧ្យដឹងថា ចំនួនអ្នកស្លាប់សរុបមានចំនួន ៣១១៧ នាក់ មានន័យថាជនរងគ្រោះចំនួន ១៣១ នាក់នៅតែមិនស្គាល់អត្តសញ្ញាណ។ ខ្លួនបានសន្យាថា​ នឹងចេញផ្សាយបញ្ជីបន្ថែមនៅពេលដែលអត្តសញ្ញាណរបស់ពួកគេត្រូវបានបង្កើតឡើង។

សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តចំពោះតម្លាភាព និងការទទួលខុសត្រូវ ដោយកត់សម្គាល់ថាជនរងគ្រោះទាំងអស់គឺជាកូនរបស់អ៊ីរ៉ង់ និងសន្យាថាគ្មានគ្រួសារណាម្នាក់ដែលបាត់បង់ជីវិតនឹងត្រូវទុកចោលដោយមិនឮដំណឹងឡើយ។

ការតវ៉ាអស់រយៈពេលជាច្រើនសប្តាហ៍ជុំវិញការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់រៀលអ៊ីរ៉ង់​ បានរីករាលដាលពាសពេញទីក្រុងនានាទូទាំងប្រទេសអ៊ីរ៉ង់​ ចាប់ពីចុងខែធ្នូដល់ខែមករា។

ដំបូងឡើយ ការធ្វើបាតុកម្មដោយសន្តិវិធី បានរីករាលដាលទៅជាការប៉ះទង្គិចគ្នា ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស និងការខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ រួមទាំងវិហារអ៊ីស្លាម អគាររដ្ឋាភិបាល និងធនាគារផងដែរ។ ទីក្រុងតេអេរ៉ង់​ បានស្តីបន្ទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ ចំពោះភាពចលាចល៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top