ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប​ ជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ បន្ធូរបន្ថយភាពតានតឹង និងបញ្ចៀសសង្គ្រាមក្នុងតំបន់

គែរ៖​ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងការយកឈ្នះលើភាពខុសគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីជៀសវាងការប្រថុយប្រថាន នៃសង្គ្រាមនៅក្នុងតំបន់។

ការកត់សម្គាល់នេះបានកើតឡើង ក្នុងអំឡុងពេលកិច្ចពិភាក្សា តាមទូរស័ព្ទយ៉ាងស៊ីជម្រៅ ដែលលោក Abdelatty ទើបតែបានធ្វើឡើងជាមួយសមភាគី របស់លោកនៅអ៊ីរ៉ង់ កាតា និងអូម៉ង់ ក៏ដូចជាបេសកជនពិសេសប្រធានាធិបតីអាមេរិក លោក Steve Witkoff ដោយមានគោលបំណង ទប់ស្កាត់ភាពតានតឹង​ ដែលកំពុងបន្តរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។

ក្នុងអំឡុងពេល នៃកិច្ចពិភាក្សា លោក Abdelatty បានសង្កត់ធ្ងន់លើតម្រូវការក្នុងការឈានដល់ “ការដោះស្រាយ ដោយសន្តិវិធី និងព្រមព្រៀងគ្នា ” រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលដោះស្រាយកង្វល់ របស់គ្រប់ភាគីទាំងអស់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។

កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកាន់តែខ្លាំងឡើង របស់ប្រទេសអេហ្ស៊ីប ត្រូវបានធ្វើឡើងមុនកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលត្រូវបានគេរំពឹង ទុកនៅទីក្រុងមូស្កាត ដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Seyyed Abbas Araghchi បានឧ្យដឹងថា នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top