បទវិភាគ៖ ពួតដៃគ្នាដោយឆ្លងកាត់ពាក់កណ្តាលផែនដី ដើម្បីចាប់ផ្តើមចារទំព័រថ្មីនៃកិច្ចសហការរបស់សកលខាងត្បូង
ក្នុងវេទិកាស្តីពីការវិនិយោគ និងកិច្ចសហប្រតិបតិ្តការរវាងចិននិងអ៊ុយរូហ្កាយដែលរៀបចំធ្វើនៅពេលថ្មីៗកន្លងទៅនេះ ឥស្សរជនមជ្ឈដ្ឋានសេដ្ឋកិច្ចនៃប្រទេសទាំងពីរសុទ្ធតែជាប់រវល់នឹងការប្រាស្រ័យទាក់ទងទៅវិញទៅមកតាមរយៈវីឆាត និងពិគ្រោះពិភាក្សាកិច្ចសហប្រតិបតិ្តការ សូម្បីតែវេទិកាបានបញ្ចប់ក៏ដោយ ក៏មិនចង់ចាកចេញទៅវិញ ។ ភាពកក់ក្តៅនៃកិច្ចសហប្រតិបតិ្តការបែបនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនៃលទ្ធផលផ្លែផ្កាដែលទទួលបានក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Yamandu Orsi ប្រធានាធិបតីអ៊ុយរូហ្គាយនៅប្រទេសចិន។

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ លោក Yamandu Orsi ប្រធានាធិបតីអ៊ុយរូហ្គាយបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ដែលបានទាក់ទាញ់ចំណាប់អារម្មណ៍យ៉ាងទូលំទូលាយពីប្រព័ន្ធសារព័ត៌មានអន្តរជាតិ ។ នេះដោយសារមកពីលោក Yamandu Orsi ជាអ្នកដឹកនាំនៃប្រទេសអាមេរិកឡាទីនទីមួយដែលបំពេញទស្សនកិច្ចនៅប្រទេសចិននៅក្នុងឆ្នាំថ្មីផង ហើយក៏ដោយសារមកពីឆ្នាំនេះ ប្រទេសអ៊ុយរូហ្គាយបានធ្វើជាប្រទេសប្រធានប្តូរវេនរបស់ “ក្រុមប្រទេសចំនួន៧៧និងចិន” និងប្រទេសប្រធានប្តូរវេនរបស់សហគមន៍ប្រទេសអាមេរិកឡាទីននិងការាបៀន និងទីផ្សាររួមរបស់សកលខាងត្បូងផងដែរ ។ ដូច្នេះ ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោកប្រធានាធិបតី Yamandu Orsi មានអត្ថន័យមិនត្រឹមតែចំពោះទ្វេភាគីនោះទេ ជាងនេះទៅទៀតនោះ បានបញ្ចេញភាពកក់ក្តៅរបស់តំបន់អាមេរិកឡាទីន និងប្រទេសសកលខាងត្បូងក្នុងការធ្វើកិច្ចសហប្រតិបតិ្តការ និងស្វែងរកការអភិវឌ្ឍរួមជាមួយប្រទេសចិន។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកប្រធានាធិបតី Yamandu Orsi ។
ប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសអ៊ុយរូហ្គាយបានចាត់ទុកកិច្ចសន្ទនារវាងអ្នកដឹកនាំនៃប្រទេសទាំងពីរ ជា “និមិត្តសញ្ញាមួយទៀតក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងអ៊ុយរូហ្គាយនិងចិន ” ។ ក្នុងសេចក្តីថ្លែងការណ៍រួមដែលភាគីទាំងពីរបានចេញផ្សាយ ចិននិងអ៊ុយរូហ្គាយបានឯកភាពជាឯកច្ឆន្ទថា នឹងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ “ហើយបានរំលឹកឡើងវិញពីមិត្តភាពដ៏ស្មោះត្រង់និងទំនុកចិត្តផ្នែកនយោបាយដ៏រឹងមាំលើមូលដ្ឋានរាប់អានគ្នាប្រកបដោយសមភាព ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នេះជាមតិឯកភាពរួមរបស់ប្រទេសទាំងពីរ ។ ”
គំនិតឯកភាពទាំងនេះបានតាំងគ្រឹះមូលដ្ឋានដ៏រឹងមាំសម្រាប់ឱ្យកិច្ចសហប្រតិបតិ្តការទ្វេភាគីទទួលបានការអភិវឌ្ឍយ៉ាងស៊ីជម្រៅ ។
បច្ចុប្បន្ននេះ ប្រទេសចិនជាទីផ្សារនាំចេញធំជាងគេ និងប្រទេសប្រភពនាំចូលធំជាងគេរបស់អ៊ុយរូហ្គាយ ។ តើធ្វើយ៉ាងម៉េច ទើបអាចស្វែងរកសក្តានុពលកាន់តែធំនៃកិច្ចសហប្រតិបតិ្តការនៃប្រទេសទាំងពីរ ? ពាក់ព័ន្ធនឹងសំណួរនេះ ប្រទេសចិនបានថ្លែងថា ភាគីទាំងពីរគួរបង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ កសិកម្ម ការចិញ្ចឹមសត្វ កិច្ចកសាងហេដ្ឋាចរនាសម័្ពន្ធ ព័ត៌មាននិងទូរគមនាគមន៍ជាដើម ត្រួសត្រាយសក្តានុពលនៃកិច្ចសហប្រតិបតិ្តការលើវិស័យងើបឡើងវិញថ្មី ដូចជាការអភិវឌ្ឍបៃតង សេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត ថាមពលស្អាតជាដើម ។ ប្រទេសចិនក៏រីករាយនឹងនាំចូលកាន់តែច្រើននូវផលិតផលគុណភាពខ្ពស់នៃប្រទេសអ៊ុយរូហ្គាយ ហើយក៏លើកទឹកចិត្តដល់សហគ្រាសចិនដែលមានកម្លាំងជាក់ស្តែងទៅវិនិយោគទុននៅប្រទេសអ៊ុយរូហ្គាយ ។
ក្នុងកិច្ចសន្ទនានៃប្រមុខរដ្ឋរវាងចិននិងអ៊ុយរូហ្គាយ ភាគីទាំងពីរសុទ្ធតែបានលើកឡើងនូវពាក្យគន្លឹះមួយ គឺសកលខាងត្បូង ។ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា រីករាយបង្កើនសាមគ្គីភាពនិងសហការជាមួយសកលខាងត្បូង ក្នុងន័យរួមគ្នាជំរុញពហុប៉ូលភាវូបនីយកម្មដ៏ស្មើភាពនិងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន ។
លោកប្រធានាធិបតី Yamandu Orsi បានកោតសរសើរខ្ពស់ចំពោះទស្សនៈស្តីពីសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ហើយរីករាយពួតដៃគ្នាជាមួយប្រទេសចិន ដើម្បីគាំពារផលប្រយោជន៍រួមរបស់សកលខាងត្បូង ។ ការណ៍នេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ថា ប្រទេសទាំងពីរនឹងធ្វើសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញសមភាព និងយុត្តិធម៌ ។
ក្រោមការណែនាំដោយយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ កិច្ចសហប្រតិបតិ្តការរវាងចិននិងអ៊ុយរូហ្គាយមានការចាប់ផ្តើមថ្មីនៅឆ្នាំថ្មី ដើម្បីនាំមកនូវផលប្រយោជន៍ជូនចំពោះប្រជាជននៃប្រទេសទាំងពីរឱ្យបានកាន់តែល្អ ។ កិច្ចសហប្រតិបតិ្តកាដែលឆ្លងកាត់ពាក់កណ្តាលផែនដីលើកនេះ បានសបញ្ជាក់ឱ្យឃើញថា កិច្ចសហប្រតិបតិ្តការសកលខាងត្បូង ឆ្ពោះទៅមុខដោយអង់អាចក្លាហាន ដោយមិនខ្លាចព្យុះភ្លៀងនិងរលកទេ៕
