លោក អនុទីន អះអាងថា គណបក្សភូមិចៃថៃ ឈ្នះការបោះឆ្នោតនៅថៃ
បាងកក៖ នាយករដ្ឋមន្ត្រីចាំផ្ទះ របស់ប្រទេសថៃ និងជាមេដឹកនាំគណបក្សភូមិចៃថៃ លោកអនុទីន ឆាន់វីរៈគុល បានប្រកាសនៅក្នុងសន្និសីទ សារព័ត៌មានមួយ កាលពីថ្ងៃអាទិត្យថា គណបក្សភូមិចៃថៃ បានឈ្នះការបោះឆ្នោតសភា តំណាងរាស្ត្ររបស់ប្រទេសថៃ។
លោក អនុទីន បានលេីកឡេីងថា ជ័យជម្នះនេះ គឺជាជ័យជម្នះរបស់ប្រជាជនទាំងអស់។
ដោយមានសន្លឹកឆ្នោត ជាង ៨៧ភាគរយត្រូវបានរាប់ ដោយគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ គណបក្សភូមិចៃថៃ កំពុងនាំមុខគេក្នុងការបោះឆ្នោត បន្ទាប់មកគឺគណបក្សប្រជាជននៅលំដាប់ទីពីរ និងគណបក្សភឿថៃនៅលំដាប់ទីបី ។
នៅក្នុងសន្និសីទសារព័ត៌មានមុននេះ លោកណាតថាផុង រឿងបញ្ញាវុធ មេដឹកនាំគណបក្សប្រជាជន បានឧ្យដឹងថា គណបក្សទទួលយកលទ្ធផលបច្ចុប្បន្ន ហើយនឹងមិនបង្កើតសម្ព័ន្ធភាពប្រកួតប្រជែងនោះទេ។
លោកបានលេីកឡេីងថា ប្រសិនបើគណបក្សភូមិចៃថៃបង្កើតរដ្ឋាភិបាល គណបក្សប្រជាជន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាគណបក្សប្រឆាំង។
លោក អាភីស៊ីត វេចាជីវ៉ា មេដឹកនាំគណបក្សប្រជាធិបតេយ្យថៃ ក៏បានបង្ហាញពីការត្រៀមខ្លួន របស់គណបក្សនេះក្នុងការធ្វើជាគណបក្សប្រឆាំងផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
