វ៉ាស៊ីនតោន៖ នាយកប្រតិបត្តិ និងជាអ្នកបោះពុម្ពផ្សាយ នៃកាសែត Washington Post លោក Will Lewis បានចុះចេញពីតំណែង ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីកាសែតនេះ បានប្រកាសពីការបញ្ឈប់បុគ្គលិកយ៉ាងច្រើន។
លោក Matt Viser ប្រធានការិយាល័យសេតវិមាន សម្រាប់កាសែត The Washington Post បានចែករំលែកអ៊ីមែលលាគ្នារបស់លោក Lewis ទៅកាន់បុគ្គលិកនៅ លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X។
អ៊ីមែលនោះបានសរសេរថា “ក្នុងអំឡុងពេលកាន់តំណែងរបស់ខ្ញុំ ការសម្រេចចិត្តដ៏លំបាកត្រូវបានធ្វើឡើង ដើម្បីធានាបាននូវអនាគតប្រកបដោយចីរភាពរបស់កាសែត The Post ដើម្បីឱ្យវាអាចបោះពុម្ពផ្សាយព័ត៌មានមិនលំអៀង ដែលមានគុណភាពខ្ពស់ដល់អតិថិជន រាប់លាននាក់ជារៀងរាល់ថ្ងៃ សម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ”។
ការប្រកាសនេះបានកើតឡើងបីថ្ងៃ បន្ទាប់ពីក្រុមហ៊ុន បានបញ្ឈប់បុគ្គលិក ៣០ភាគរយ – អ្នកកាសែតជាង ៣០០នាក់ រួមទាំងផ្នែកកីឡា និងសៀវភៅទាំងមូល រួមជាមួយនឹងការិយាល័យ ការបរទេសជាច្រើន។
លោក Lewis ត្រូវបានលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon នាំយកមកកាន់តំណែងនៅដើមឆ្នាំ ២០២៤ ដើម្បី «ផ្លាស់ប្តូរការបោះពុម្ពផ្សាយ និង ដោះស្រាយការខាតបង់ផ្នែកហិរញ្ញវត្ថុ និងការធ្លាក់ចុះនៃទស្សនិកជន អស់រយៈពេលជាច្រើនឆ្នាំ» នេះបើយោងតាមរបាយការណ៍ មួយរបស់កាសែត The New York Times។
របាយការណ៍បានបន្ថែមថា ការកាន់តំណែង របស់លោកត្រូវបានសម្គាល់ដោយ «ការចាកចេញយ៉ាងច្រើន របស់អ្នកសារព័ត៌មាន និងការមិនពេញចិត្តយ៉ាងទូលំទូលាយ នៅក្នុងបន្ទប់ព័ត៌មាន»៕
