អ៊ីរ៉ង់បញ្ជាក់ថា កិច្ចចរចានុយក្លេអ៊ែរនឹងបន្ត ប្រសិនបើសហរដ្ឋអាមេរិក បង្ហាញការតាំងចិត្ដ
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា កិច្ចចរចាដោយប្រយោលនឹងបន្ត ប្រសិនបើអ៊ីរ៉ង់ ឈានដល់ការសន្និដ្ឋានថា សហរដ្ឋអាមេរិកមាន «ភាពហ្មត់ចត់ចាំបាច់» ពោលគឺការតាំងចិត្ដ ដើម្បីឈានដល់ដំណោះ ស្រាយចរចា ចំពោះបញ្ហានុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់។
លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតេអេរ៉ង់ ខណៈពេលដែលកំពុងពន្យល់ លម្អិតអំពីកិច្ចចរចានុយក្លេអ៊ែរដោយប្រយោល ដែលបានធ្វើឡើង កាលពីថ្ងៃសុក្រ រវាងគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅក្នុងរដ្ឋធានី Muscat ប្រទេសអូម៉ង់។
លោកបានកត់សម្គាល់ថា មានសញ្ញាបង្ហាញថា សហរដ្ឋអាមេរិក មានភាពហ្មត់ចត់ ខណៈពេលដែលសូចនាករផ្សេងទៀត ដែលប៉ះពាល់ដល់ការតាំងចិត្តរបស់ខ្លួន ក៏ត្រូវបានគេមើលឃើញផងដែរ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ការបន្តទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ និងចលនាយោធាមួយចំនួន នៅក្នុងតំបន់អាស៊ីខាងលិច បង្កើនការសង្ស័យអំពីវិសាលភាព នៃភាពធ្ងន់ធ្ងរ និងការត្រៀមខ្លួនរបស់ភាគីម្ខាងទៀត។
លោក Araghchi បានលេីកឡេីងថា អ៊ីរ៉ង់នឹងតាមដាន និងវាយតម្លៃសញ្ញាទាំងអស់រួមគ្នា ដោយសង្កត់ធ្ងន់ថា ការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកមិនមែន ជាឧបសគ្គដល់ការ សម្រេចបានកិច្ចព្រមព្រៀងនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
