កិច្ចចរចា Muscat និយាយអំពីការគ្រប់គ្រងសញ្ញានៃហានិភ័យ មិនមែនការផ្សះផ្សាគ្នារវាងអ៊ីរ៉ង់ និងអាមេរិកនោះទេ
គ៊ែរ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានកំណត់លក្ខណៈនៃការចរចានុយក្លេអ៊ែរដោយប្រយោលថ្មីៗនេះជាមួយសហរដ្ឋអាមេរិកថាជា “ជំហានទៅមុខ” ទោះបីជាទីក្រុងវ៉ាស៊ីនតោន បានផ្លាស់ប្តូរ ដើម្បីរឹតបន្តឹងសេដ្ឋកិច្ចជុំវិញទីក្រុងតេអេរ៉ង់ ជាមួយនឹងទណ្ឌកម្មថ្មី និងការគំរាមកំហែងពន្ធគយក៏ដោយ។
ការចរចានេះ ដែលសម្របសម្រួលដោយប្រទេសអូម៉ង់ តំណាងឱ្យទំនាក់ទំនងកម្រិតខ្ពស់លើកដំបូងរវាងសត្រូវទាំងពីរចាប់តាំងពីជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ កាលពីខែមិថុនាឆ្នាំមុន ដែលក្នុងអំឡុងពេលនោះសហរដ្ឋអាមេរិក បានវាយប្រហាររោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់។
ខណៈពេលដែលលោក Pezeshkian បានកំណត់ការសន្ទនាថាជា “យុទ្ធសាស្ត្រស្របគ្នា” របស់ទីក្រុងតេអេរ៉ង់ សម្រាប់ដំណោះស្រាយដោយសន្តិវិធី អ្នកវិភាគបានឧ្យដឹងថា ការបើកចំហរការទូតឆ្លុះបញ្ចាំងពីការគ្រប់គ្រងវិបត្តិដោយប្រុងប្រយ័ត្នជាជាងការផ្សះផ្សាគ្នាពិតប្រាកដណាមួយ។
ដោយសរសេរនៅលើគណនីបណ្ដាញសង្គម X របស់លោក លោក Pezeshkian បានឧ្យដឹងថា មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅតែស្ថិតនៅក្នុង «សិទ្ធិជាក់ស្តែង» ដែលធានាដោយសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ។ លោកបានសរសេរថា «ប្រជាជាតិអ៊ីរ៉ង់ តែងតែឆ្លើយតបទៅនឹងការគោរពដោយការគោរព ប៉ុន្តែខ្លួននឹងមិនអត់ឱន ចំពោះភាសានៃកម្លាំងនោះទេ»។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi ដែលបានដឹកនាំគណៈប្រតិភូអ៊ីរ៉ង់នៅទីក្រុង Muscat បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនខ្វះ «ភាពហ្មត់ចត់ចាំបាច់» ដើម្បីអនុវត្តដំណើរការការទូតទៅមុខ។
លោកបានលេីកឡេីងថា ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើអ៊ីរ៉ង់ និងចលនាយោធាមួយចំនួននៅអាស៊ីខាងលិច «បង្កើនការសង្ស័យអំពីកម្រិតនៃភាពធ្ងន់ធ្ងរ និងការត្រៀមខ្លួនរបស់ភាគីម្ខាងទៀត» ដោយចង្អុលទៅអ្វីដែលលោកពិពណ៌នាថា ជាសញ្ញាចម្រុះពីសហរដ្ឋអាមេរិក។
លោកបានសង្កត់ធ្ងន់ថា សិទ្ធិនុយក្លេអ៊ែរដោយសន្តិវិធីរបស់អ៊ីរ៉ង់ រួមទាំងការបង្កើនអ៊ុយរ៉ាញ៉ូម គឺមិនអាចចរចាបាននោះទេ ហើយថា វឌ្ឍនភាពណាមួយនឹងអាស្រ័យលើសហរដ្ឋអាមេរិកក្នុងការដោះស្រាយបញ្ហានោះដោយភាពធ្ងន់ធ្ងរ។ លោកបានបន្ថែមថា កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ មិនដែលមាន ហើយនឹងមិនមាននៅក្នុងរបៀបវារៈនៃការចរចាជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ដោយកិច្ចចរចាផ្តោតតែលើបញ្ហានុយក្លេអ៊ែរ៕
ប្រែសម្រួល ឈូក បូរ៉ា
