លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ លុបបំបាត់ពន្ធ ២៥% ដែលដាក់លើប្រទេសឥណ្ឌា និងជំនួសមកវិញដោយការបង្កើនការនាំចូលថាមពលពីសហរដ្ឋអាមេរិក
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃសុក្រ ដែលលុបបំបាត់ពន្ធ ២៥% ដែលដាក់លើប្រទេសឥណ្ឌាកាលពីខែសីហា សម្រាប់ការនាំចូលប្រេងរបស់រុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា បទបញ្ជានេះអះអាងថា ទីក្រុងញូវដេលីបានយល់ព្រមឈប់ទិញប្រេងពីប្រទេសរុស្ស៊ី ទាំងដោយផ្ទាល់ ឬដោយប្រយោល ហើយនឹងទិញផលិតផលថាមពលរបស់សហរដ្ឋអាមេរិកជំនួសវិញ។
ប្រទេសទាំងពីរក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយដែលគូសបញ្ជាក់ពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្ន ដែលនឹងជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដ៏ទូលំទូលាយមួយដែលទីក្រុងញូវដេលី និងទីក្រុងវ៉ាស៊ីនតោនបានចរចាអស់រយៈពេលជាងមួយឆ្នាំ។ នេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក ត្រាំ និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានប្រកាសថា អាមេរិក ឥណ្ឌាបានឈានដល់កិច្ចព្រមព្រៀងមួយ ដោយមិនបានបង្ហាញព័ត៌មានលម្អិត។
យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា លោក Piyush Goyal គឺថា ក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នាដោយប្រទេសទាំងពីរបើកទីផ្សារចំនួន ៣០ ពាន់ពាន់លានដុល្លារសម្រាប់អ្នកនាំចេញរបស់ឥណ្ឌា ខណៈដែលសហរដ្ឋអាមេរិកកាត់បន្ថយពន្ធទៅវិញទៅមកពី ៥០% ពីលើកមុន ដែលរួមមានការពិន័យ ២៥ភាគរយ សម្រាប់ការនាំចូលប្រេងរបស់រុស្ស៊ី មកត្រឹម ១៨%។ លើសពីនេះ លោកបាននិយាយថា ពន្ធនឹងត្រូវបានកាត់បន្ថយមកត្រឹមសូន្យសម្រាប់ទំនិញជាច្រើនប្រភេទ រួមទាំងឱសថទូទៅ ត្បូង និងពេជ្រ និងគ្រឿងបន្លាស់យន្តហោះ។
ដោយប្រកាសពីកិច្ចព្រមព្រៀងនេះនៅដើមសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានអះអាងថា ពន្ធគយនឹងត្រូវបានកាត់បន្ថយបន្ទាប់ពីលោក ណារិនដ្រា មូឌី “បានយល់ព្រមឈប់ទិញប្រេងរបស់រុស្ស៊ី” ហើយជំនួសមកវិញនឹងបង្កើនការនាំចូលថាមពលពីសហរដ្ឋអាមេរិក និងអាចជាប្រទេសវេណេស៊ុយអេឡា។
ទីក្រុងញូវដេលីមិនទាន់បានបញ្ជាក់ជាសាធារណៈថាខ្លួននឹងបញ្ចប់ការទិញប្រេងរបស់រុស្ស៊ីនៅឡើយទេ។ ទីក្រុងមូស្គូបាននិយាយថា ខ្លួនមិនបានដឹងអំពីការសម្រេចចិត្តណាមួយរបស់ប្រទេសឥណ្ឌាក្នុងការកាត់បន្ថយការផ្គត់ផ្គង់នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា
