ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប​ ជំរុញការដាក់ពង្រាយកម្លាំងអន្តរជាតិ​ ដើម្បីត្រួតពិនិត្យបទឈប់បាញ់នៅតំបន់ហ្គាហ្សា

គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានអំពាវនាវឱ្យដាក់ពង្រាយកម្លាំងស្ថិរភាពអន្តរជាតិជាបន្ទាន់ ដើម្បីត្រួតពិនិត្យបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

ក្រសួងការបរទេសអេហ្ស៊ីបបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Abdelatty បានធ្វើការអំពាវនាវនេះក្នុងអំឡុងពេលនិយាយទូរស័ព្ទជាមួយសមភាគីក្រិករបស់លោក គឺលោក George Gerapetritis ខណៈពេលដែលអ្នកការទូតទាំងពីរបានពិភាក្សាអំពីភាពតានតឹងក្នុងតំបន់ដែលកំពុងកើនឡើង។

លោក Abdelatty បានសង្កត់ធ្ងន់លើតម្រូវការដ៏សំខាន់ក្នុងការជំរុញដំណាក់កាលទីពីរនៃផែនការសន្តិភាព​ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក រួមទាំងការដាក់ពង្រាយកម្លាំងស្ថិរភាពអន្តរជាតិទៅកាន់តំបន់ហ្គាហ្សា ដែលត្រូវបានគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ កាលពីខែវិច្ឆិកា ឆ្នាំមុន។

លោកបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់អេហ្ស៊ីបចំពោះគណៈកម្មាធិការជាតិបច្ចេកទេសប៉ាឡេស្ទីន​ សម្រាប់ការគ្រប់គ្រងតំបន់ហ្គាហ្សា ដែលទើបបង្កើតថ្មី ដោយពណ៌នាថាវាជាស្ថាប័នអន្តរកាលដ៏សំខាន់មួយដើម្បីដោះស្រាយតម្រូវការរដ្ឋបាល និងមនុស្សធម៌ប្រចាំថ្ងៃ។

លោកបានបញ្ជាក់ថា គណៈកម្មាធិការនេះ ដែលត្រូវបានបង្កើតឡើងនៅពាក់កណ្តាលខែមករា មានបំណងបើកផ្លូវ​ សម្រាប់ការវិលត្រឡប់ទៅរកការគ្រប់គ្រងពេញលេញរបស់អាជ្ញាធរប៉ាឡេស្ទីននៅក្នុងទឹកដីនេះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top