ចិនបើកទីផ្សារ សម្រាប់ការនាំចេញរបស់អាហ្វ្រិកខាងត្បូង
បរទេស៖ ទីក្រុងព្រីតូរីយ៉ា របស់ប្រទេសអាហ្វ្រិកខាងត្បូង និងទីក្រុងប៉េកាំង របស់ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ផ្តល់សិទ្ធិចូលប្រើប្រាស់ដោយមិនគិតពន្ធដល់ការនាំចេញរបស់អាហ្វ្រិកខាងត្បូងទៅកាន់ទីផ្សារចិន និងពង្រីកលំហូរវិនិយោគ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចចិន-អាហ្វ្រិក (CAEPA) ត្រូវបានចុះហត្ថលេខាដោយលោក Parks Tau រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងការប្រកួតប្រជែងរបស់អាហ្វ្រិកខាងត្បូង និងលោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងប៉េកាំង ជាកន្លែងដែលលោក Parks Tau ដឹកនាំគណៈប្រតិភូអាហ្វ្រិកខាងត្បូងទៅកាន់កិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច និងពាណិជ្ជកម្មរួម (JETC) ហើយបន្ទាប់ពីការស្វាគមន៍ជាផ្លូវការរបស់លោកដោយលោក Wang Wentao នៅក្រសួងពាណិជ្ជកម្មចិន។
ដោយមានចំណងជើងជាផ្លូវការថា កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីភាពជាដៃគូសេដ្ឋកិច្ចសម្រាប់វិបុលភាពរួម, CAEPA ត្រូវបានគេរំពឹងថា នឹងត្រូវបានបន្តដោយការចរចាលើកិច្ចព្រមព្រៀងប្រមូលផលដំបូងនៅចុងខែមីនា ឆ្នាំ២០២៦ ដែលនឹងដោះសោការចូលប្រើប្រាស់ដោយមិនគិតពន្ធសម្រាប់ផលិតផលនាំចេញរបស់អាហ្វ្រិកខាងត្បូង និងបង្កើនការវិនិយោគរបស់ចិនបន្ថែមទៀតទៅកាន់អាហ្វ្រិកខាងត្បូង។
ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងការប្រកួតប្រជែងអាហ្វ្រិកខាងត្បូង បានឱ្យដឹងថា កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការក្នុងពាណិជ្ជកម្ម ការវិនិយោគ ថាមពលថ្មី និងការចូលរួមពហុភាគី ហើយមានគោលបំណងផ្តល់បរិយាកាសស្ថិរភាព និងអាចព្យាករណ៍បានសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខណៈពេលដែលនៅតែស្របនឹងគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក និងគោលបំណងអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ៕
ប្រែសម្រួលៈ ណៃ តុលា
