លោក ដូណាល់ ត្រាំ ស្វែងរកជម្រើស “ក្រុមប្រឹក្សាសន្តិភាព” ជំនួសឲ្យអង្គការសហប្រជាជាតិ
រ៉ាម៉ាឡា៖ មន្ត្រីប៉ាឡេស្ទីនបាននិយាយនៅទីនេះកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ស្វែងរកជម្រើស “ក្រុមប្រឹក្សាសន្តិភាព” ជំនួសឲ្យអង្គការសហប្រជាជាតិ។
លោកស្រី Sabri Saidam អគ្គលេខាធិការរងនៃគណៈកម្មាធិការកណ្តាលរបស់ Fatah បានប្រាប់អ្នកយកព័ត៌មានថា សាររបស់ក្រុមប្រឹក្សានៅតែមិនច្បាស់លាស់ និងមិនរាប់បញ្ចូលប្រជាជនប៉ាឡេស្ទីន។
លោកស្រីបានលេីកឡេីងថា ភាគីប៉ាឡេស្ទីនមានការភ័យខ្លាចថា លោក ត្រាំ នៅតែប្តេជ្ញាចិត្តបន្តគម្រោង ដែលមិនរាប់បញ្ចូលប្រជាជនប៉ាឡេស្ទីន លុបចោលសិទ្ធិរបស់ពួកគេ និងលើកកម្ពស់ការផ្លាស់ទីលំនៅ។
ទន្ទឹមនឹងនេះ លោក Omar Awadallah អនុរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនទទួលបន្ទុកកិច្ចការនយោបាយ និងច្បាប់ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រស្ថាប័នអន្តរជាតិ និងធ្វើការដើម្បីលើកកម្ពស់សន្តិសុខ ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ ដោយមានគោលដៅបង្កើតរដ្ឋប៉ាឡេស្ទីន។
នៅក្នុងសុន្ទរកថាទៅកាន់ស្ថានីយ៍វិទ្យុ Voice of Palestine លោក Awadallah បានឧ្យដឹងថា ក្រុមប្រឹក្សាដែលទើបបង្កើតថ្មីណាមួយមិនគួរជំនួសស្ថាប័នប៉ាឡេស្ទីនស្របច្បាប់នោះទេ ដោយបន្ថែមថា ប្រជាជនប៉ាឡេស្ទីនស្វែងរកស្ថិរភាព ការបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា និងការបញ្ឈប់ការសម្លាប់ និងការបំផ្លិចបំផ្លាញ ដើម្បីឱ្យតំបន់ហ្គាហ្សាអាចងើបឡើងវិញ និងត្រូវបានកសាងឡើងវិញ៕
ប្រែសម្រួល ឈូក បូរ៉ា
