បរទេស ៖ ទីភ្នាក់ងារចិនសិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា រុស្ស៊ីនឹង មិនវាយប្រហារអឺរ៉ុប ឬរដ្ឋសមាជិកណាតូទេ លុះត្រាតែវាត្រូវបានទទួលរង ការវាយប្រហារជាមុនសិន។
មន្ត្រីលោកខាងលិច បានបង្ហាញពីភាពត្រឹមត្រូវ នៃការចំណាយយោធាដោយលើកឡើង ពីតម្រូវការដើម្បីការពារផ្នែក ខាងកើតរបស់ណាតូ។
មេបញ្ជាការយោធាកំពូល របស់អាល្លឺម៉ង់ ឧត្តមសេនីយ៍ Carsten Breuer បាននិយាយកាលពីខែធ្នូ ឆ្នាំ២០២៥ថា ប្រទេសនេះត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាមដ៏មានសក្តានុពលជាមួយរុស្ស៊ីនៅឆ្នាំ២០២៩ទាំងដែលទីក្រុងម៉ូស្គូបានចោទប្រកាន់លោកខាងលិចថាកំពុងព្យាយាម ធ្វើឲ្យក្តៅរវាងទំនាក់ទំនងទ្វេភាគី។
លោក Lavrov បានប្រាប់ NTV នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា ៖យើងគ្មានចេតនាវាយប្រហារអឺរ៉ុបទេ ។ លោកបាននិយាយថា ៖ប្រសិនបើអឺរ៉ុបធ្វើសកម្មភាព លើការគំរាមកំហែងរបស់ខ្លួនក្នុងការរៀបចំសង្រ្គាមប្រឆាំងនឹងយើង ហើយចាប់ផ្តើមការវាយប្រហារលើសហព័ន្ធរុស្ស៊ី វានឹងប្រឈមមុខនឹងការឆ្លើយតបផ្នែកយោធាពេញ លេញពីខាងយើង ជាមួយនឹងសមត្ថភាពយោធាដែលមានទាំងអស់ ។
នៅក្នុងសន្និសីទសារព័ត៌មានចុង ឆ្នាំមួយក្នុងខែធ្នូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានច្រានចោលការ អះអាងដែលថា ប្រទេសរបស់លោកកំពុងរៀបចំផែនការ វាយប្រហារអង្គការណាតូថា មិនសមហេតុសមផលនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
