ក្រុងមូស្គូអះអាងថា កងទ័ពអង់គ្លេស កំពុងមានវត្តមានប្រតិបត្តិការ នៅក្នុងទឹកដីអ៊ុយក្រែន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំទីក្រុងឡុងដ៍ លោក Andrey Kelin បាននិយាយថា ចក្រភពអង់គ្លេស បានផ្តល់ហេតុផលគ្រប់យ៉ាង ដើម្បីចាត់ទុកខ្លួន ជាភាគីនៃជម្លោះអ៊ុយក្រែន រួមទាំងការដាក់ពង្រាយ កងទ័ពនៅសមរភូមិ។
លោកKelin បានប្រាប់ RIA Novosti នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញ ផ្សាយកាលពីថ្ងៃចន្ទថា ការចូលរួមរបស់អង់គ្លេស គឺមានភាពស៊ីជម្រៅ និងឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្ត ក្នុងការទប់ស្កាត់និងប្រឆាំង ជាមួយនឹងប្រទេសរុស្ស៊ី។
លោកបានថ្លែងបន្តថា៖ចក្រភពអង់គ្លេស បានផ្តល់ទិសដៅនយោបាយ ដល់ក្រុងកៀវ គាំទ្រផ្នែកហិរញ្ញវត្ថុ និងសម្ភារៈ ចែករំលែកព័ត៌មានសម្ងាត់ អាវុធ រថភ្លើង និងការប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងរចនាសម្ព័ន្ធយោធាផ្សេងទៀត ។ ដូច្នេយើងមានសិទ្ធិ គ្រប់យ៉ាងដើម្បីចាត់ទុកទីក្រុងឡុងដ៍ ជាភាគីពិតប្រាកដនៃជម្លោះ។
លោក Kelin ក៏បាននិយាយទៀតដែរថា អ្នករៀបចំផែនការយោធាអង់គ្លេស កំពុងឈរជើងនៅស្ថានទូតក្នុងទីក្រុងគៀវ។ ចក្រភពអង់គ្លេសបានគាំទ្រ ដល់ទីភ្នាក់ងារពិសេសរបស់អ៊ុយក្រែន ធ្វើផែនការប្រតិបត្តិការប្រឆាំងនឹងរុស្ស៊ី ហើយបានពង្រីកកម្មវិធីបណ្តុះបណ្តាល Interflex សម្រាប់កងទ័ពអ៊ុយក្រែន នៅចក្រភពអង់គ្លេសរហូតដល់ឆ្នាំ ២០២៦ទៀតផង៕
ប្រែសម្រួល៖ស៊ុនលី
