ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ គំរាមបិទការបើកស្ពានថ្មី រវាងសហរដ្ឋអាមេរិក និងកាណាដា

វ៉ាស៊ីនតោន៖​ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ​ បានគំរាមបិទការបើកស្ពានថ្មីមួយដែលភ្ជាប់សហរដ្ឋអាមេរិក និងកាណាដា ចំពេលមានភាពតានតឹងកើនឡើង រវាងប្រទេសជិតខាងអាមេរិកខាងជើងទាំងពីរ។

លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា “ខ្ញុំនឹងមិនអនុញ្ញាតឱ្យស្ពាននេះបើកទេ រហូតដល់សហរដ្ឋអាមេរិកទទួលបានសំណងពេញលេញសម្រាប់អ្វីគ្រប់យ៉ាងដែលយើងបានផ្តល់ឱ្យពួកគេ ហើយសំខាន់ជាងនេះទៅទៀត ប្រទេសកាណាដា​ ប្រព្រឹត្តចំពោះសហរដ្ឋអាមេរិកដោយយុត្តិធម៌ និងការគោរពដែលយើងសមនឹងទទួលបាន”។

លោក បានបន្តថា “ជាមួយនឹងអ្វីគ្រប់យ៉ាង ដែលយើងបានផ្តល់ឱ្យពួកគេ យើងគួរតែកាន់កាប់យ៉ាងហោចណាស់ ពាក់កណ្តាលនៃទ្រព្យសម្បត្តិនេះ។

ប្រាក់ចំណូលដែលបង្កើតឡើងដោយសារតែទីផ្សារសហរដ្ឋអាមេរិក​ នឹងមានចំនួនច្រើនលើសលប់” ដោយបន្ថែមថា លោកមានគម្រោង “ចាប់ផ្តើមការចរចា (បញ្ហាពាក់ព័ន្ធ) ភ្លាមៗ”។

ទោះបីជាលោក ត្រាំ​ មិនបានដាក់ឈ្មោះស្ពាននេះនៅក្នុងប្រកាសរបស់លោកក៏ដោយ លោកហាក់ដូចជាសំដៅទៅលើស្ពានអន្តរជាតិ Gordie Howe ដែលជាស្ពាន​ ៦គន្លងដែលតភ្ជាប់ទីក្រុង Windsor រដ្ឋ Ontario និងទីក្រុង Detroit រដ្ឋ Michigan។

ការសាងសង់ស្ពាននេះបានចាប់ផ្តើមនៅឆ្នាំ ២០១៨​ ហើយវាត្រូវបានគេរំពឹងថានឹងបើកសម្ពោធនៅដើមឆ្នាំនេះ។ គម្រោងនេះ ដែលត្រូវបានប៉ាន់ប្រមាណថាមានតម្លៃ ៤.៧ពាន់លានដុល្លារអាមេរិក កំពុងត្រូវបានផ្តល់ហិរញ្ញប្បទាន និងត្រួតពិនិត្យដោយរដ្ឋាភិបាលកាណាដា នេះបើយោងតាមរបាយការណ៍របស់ ABC News៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top