មេដឹកនាំកំពូលអ៊ីរ៉ង់ ជំរុញឲ្យមានឯកភាពជាតិ ខណៈមានភាពតានតឹងកើនឡើង ជាមួយសហរដ្ឋអាមេរិក
តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី បានជំរុញឱ្យប្រជាជនអ៊ីរ៉ង់ បង្ហាញសាមគ្គីភាព និងធ្វើឲ្យសត្រូវខកចិត្ត មុនខួបលើកទី ៤៧ នៃបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩ ចំពេលមានភាពតានតឹងកើនឡើង ជាមួយសហរដ្ឋអាមេរិក។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក ខាមេនី បានបន្ដថា អំណាចជាតិពឹងផ្អែកច្រើនលើការតាំងចិត្ត និងការតស៊ូ ជាជាងគ្រឿងបរិក្ខារយោធាដូចជាមីស៊ីល និងយន្តហោះជាដេីម។
ការកត់សម្គាល់របស់លោកបានកើតឡើងនៅពេលដែលអ៊ីរ៉ង់ រៀបចំសម្រាប់ការជួបជុំទូទាំងប្រទេសនៅថ្ងៃពុធ ដើម្បីអបអរសាទរជ័យជម្នះនៃបដិវត្តន៍។
លោក ខាមេនី បានលេីកឡេីងថា «រហូតដល់សត្រូវខកចិត្ត ប្រទេសជាតិមួយត្រូវប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ សត្រូវត្រូវតែខកចិត្ត»។
លោកបានពិពណ៌នាអំពីការដង្ហែក្បួនប្រចាំឆ្នាំថាជាការបង្ហាញសេចក្តីថ្លៃថ្នូរ ដែលបង្ខំឱ្យមហាអំណាចបរទេស «ដកថយ» ពីមហិច្ឆតានៃការជ្រៀតជ្រែកក្នុងកិច្ចការអ៊ីរ៉ង់។
សុន្ទរកថានេះធ្វើឡើងបន្ទាប់ពីរយៈពេល នៃការកកិតកាន់តែខ្លាំងឡើង ជាមួយសហរដ្ឋអាមេរិក ដែលជំរុញដោយការកសាងយោធា របស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា និងការគំរាមកំហែងជាបន្តបន្ទាប់ប្រឆាំង នឹងទីក្រុងតេអេរ៉ង់។
ទោះបីជាមានការចរចានុយក្លេអ៊ែរដោយប្រយោលរវាងគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនៅទីក្រុងមូស្កាត ប្រទេសអូម៉ង់ កាលពីថ្ងៃសុក្រសប្ដាហ៍មុនក៏ដោយ ក៏នៅតែមានគម្លាតសំខាន់ៗ ដែលធ្វើឱ្យការរំពឹងទុកនៃកិច្ចព្រមព្រៀងមួយមានភាពមិនប្រាកដប្រជា៕
ប្រែសម្រួល ឈូក បូរ៉ា
