ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់អះអាងថា ការចរចាជាមួយនឹង អាមេរិកនឹងរក្សា ធ្វើឡើងនៅក្នុងប្រទេស អូម៉ង់ដដែល

បរទេស ៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានច្រានចោល របាយការណ៍ដែលថា កិច្ចចរចាដោយប្រយោល រវាងទីក្រុងតេហរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នឹងត្រូវធ្វើឡើងនៅ ខាងក្រៅប្រទេសអូម៉ង់ ដោយនិយាយថាទីក្រុង Muscat តែងតែជាកន្លែងដែលបានព្រមព្រៀងគ្នា។

អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baqaei បានប្រាប់សន្និសីទសារព័ត៌មានថា អ៊ីរ៉ង់ស្វាគមន៍កិច្ចខិតខំប្រឹង ប្រែងការទូតដោយប្រទេសក្នុងតំបន់ និងប្រទេសជិតខាង ដែលបានផ្តល់ជូនដើម្បីជួយបន្ធូរបន្ថយភាពតានតឹង និងគាំទ្រការសន្ទនា ។

លោកបាននិយាយថា រដ្ឋមន្ត្រីការបរទេស លោក Seyed Abbas Araghchi បានទាក់ទងជាមួយសមភាគី ក្នុងបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាអ្នកផ្សេងទៀតដែលព្រួយបារម្ភអំពីសន្តិភាព និងសន្តិសុខក្នុងតំបន់។

លោក Baqaei បាននិយាយថា ទំនាក់ទំនងទាំងនោះបានធ្វើឡើង ក្នុងកម្រិតខ្ពស់បំផុត រួមទាំងជាមួយប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ហើយមានគោលបំណងកាត់បន្ថយភាពតានតឹង និងសម្របសម្រួលដំណើរការការទូតផង។
កន្លងមកអ៊ីស្រាអែលតែង តែបានលើកឡើងថា អ៊ីរ៉ង់មិនអាចជឿទុកចិត្តបាន លើបញ្ហានុយក្លេអ៊ែរ ហើយបានគំរាមកំហែង សកម្មភាពឯកតោភាគី ប្រសិនបើកិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ មិនបានសម្រេចតាមការរំពឹងទុក។
មុនពេលចាកចេញទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក Netanyahu បាននិយាយថា អ៊ីរ៉ង់នឹងក្លាយជាប្រធានបទ ដំបូង និងសំខាន់បំផុត នៅក្នុងកិច្ចប្រជុំរបស់គាត់ជាមួយនឹងលោក Trump៕
ប្រែសម្រួល៖ស៊ុនលី

To Top