រុស្ស៊ី បញ្ជាក់ពីការត្រៀមខ្លួនរួច ដើម្បីស្វែងរកដំណោះស្រាយចរចា ចំពោះវិបត្តិអ៊ុយក្រែន
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឧ្យដឹងថា រុស្ស៊ីត្រៀម ខ្លួនរួចជាស្រេច ដើម្បីស្វែងរកដំណោះ ស្រាយ ចរចា ចំពោះវិបត្តិអ៊ុយក្រែន ដោយផ្អែកលើការយោគយល់គ្នា ដែលសម្រេចបាន ដោយមេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិក។
លោកបានលេីកឡេីងថា រុស្ស៊ីនៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ចំពោះលទ្ធផលនៃកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានធ្វើឡើងនៅទីក្រុង Anchorage រដ្ឋអាឡាស្កាសហរដ្ឋអាមេរិក កាលពីខែសីហា ឆ្នាំមុន ហើយបានកត់សម្គាល់ថា ទីក្រុងមូស្គូរំពឹងថា ផលប្រយោជន៍របស់ខ្លួន នឹងត្រូវបានគិតគូរយ៉ាងពេញលេញ នៅក្នុងដំណើរការនៃការឈានដល់កិច្ចព្រមព្រៀង ដែលអាចទទួលយកបានទៅវិញ ទៅមកជាមួយដៃគូ ដែលបើកចំហសម្រាប់ការសន្ទនាដោយស្មោះត្រង់ និងដោយផ្ទាល់។
លោកបន្ដថា រុស្ស៊ីនឹងបន្តគាំទ្រសច្ចភាព និងយុត្តិធម៌ ក្នុងកិច្ចការអន្តរជាតិ និងលើកកម្ពស់ពិភពលោកពហុប៉ូល ដែលមានមូលដ្ឋានលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ ដោយបន្ថែមថា មូស្គូនឹងប្រឆាំងនឹង ស្តង់ដារពីរ របៀបវារៈលាក់កំបាំង រូបមន្តដោះស្រាយដែលដាក់ចេញ ក៏ដូចជាការអនុវត្ត នៃអាណានិគមនិយមថ្មី និងអនុត្តរភាព។
រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានបញ្ជាក់ផងដែរថា រុស្ស៊ីនឹងផ្តល់អាទិភាព ដល់ការពង្រឹងភាពជា ដៃគូយុទ្ធសាស្ត្រជាមួយមជ្ឈមណ្ឌល ដែលកំពុងរីកចម្រើន នៃពិភពលោកពហុប៉ូល ដោយបន្ថែមថា រុស្ស៊ី និងដៃគូដែលមានគំនិតដូចគ្នា នឹងធ្វើការដើម្បីពន្លឿន ការអភិវឌ្ឍយន្តការដែលធន់ នឹងទណ្ឌកម្មសម្រាប់ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការភស្តុភារ៕
ប្រែសម្រួល ឈូក បូរ៉ា
