ព័ត៌មានអន្តរជាតិ

​ កិច្ចចរចា ជុំបន្ទាប់​រវាងអាមេរិក​ និងអ៊ីរ៉ង់​ នឹងបន្ដធ្វេីឡេីង នៅក្នុងប្រទេសអូម៉ង់

តេអេរ៉ង់៖​ ក្រសួងការបរទេសអ៊ីរ៉ង់​ បានបដិសេធរបាយការណ៍ដែលថា កិច្ចចរចាដោយប្រយោលរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន​ នឹងត្រូវធ្វើឡើងនៅខាងក្រៅប្រទេសអូម៉ង់ ដោយថា ទីក្រុងមូស្កាត តែងតែជាទីកន្លែងដែលបានព្រមព្រៀងគ្នា នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baqaei បានប្រាប់សន្និសីទ សារព័ត៌មានមួយថា អ៊ីរ៉ង់ស្វាគមន៍​ ចំពោះកិច្ចខិតខំប្រឹងប្រែង ផ្នែកការទូត របស់ប្រទេសក្នុងតំបន់ និងប្រទេសជិតខាង ដែលបានផ្តល់ជូន ដើម្បីជួយបន្ធូរបន្ថយភាពតានតឹង និងគាំទ្រដល់ការសន្ទនា។

លោកបានលេីកឡេីងថា រដ្ឋមន្ត្រីការបរទេស លោក Seyed Abbas Araghchi បានទាក់ទងជាមួយសមភាគីនៅក្នុងប្រទេសក្នុងតំបន់ ក៏ដូចជាអ្នកផ្សេងទៀត ដែលមានការព្រួយបារម្ភអំពីសន្តិភាព និងសន្តិសុខក្នុងតំបន់។

លោក Baqaei បានលេីកឡេីងថា ទំនាក់ទំនងទាំងនោះបានធ្វើឡើង “នៅកម្រិតខ្ពស់បំផុត” រួមទាំងជាមួយប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ហើយមានគោលបំណងកាត់បន្ថយភាពតានតឹង និងសម្រួលដល់ដំណើរការការទូត។

ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា មិនដែលមានផែនការណាមួយ​ ដើម្បីធ្វើកិច្ចចរចានៅកន្លែងផ្សេងក្រៅពីប្រទេសអូម៉ង់​ នោះទេ។

ដោយឡែកពីគ្នា លោក Ali Larijani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានទៅដល់ទីក្រុង Muscat កាលពីថ្ងៃអង្គារ ជាកន្លែងដែលលោក បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad bin Hamood Albusaidi នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់ប្រទេសអូម៉ង់។ អ្នកទាំងពីរបានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ និងបានគូសបញ្ជាក់ ពីសារៈសំខាន់នៃការសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រសន្តិសុខ និងស្ថិរភាពក្នុងតំបន់៕

To Top