ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ព្រមានថា​ ដំណេីរទស្សនកិច្ចរបស់លោក​ ណេតាន់យ៉ាហ៊ូ​ ទៅកាន់អាមេរិក​ ធ្វើឲខូចដល់កិច្ចចរចានុយក្លេអ៊ែរ

តេអេរ៉ង់៖​ អ៊ីរ៉ង់បានព្រមានថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ទៅកាន់សហរដ្ឋអាមេរិក គឺជាការប៉ុនប៉ងធ្វើឱ្យខូចដល់កិច្ចចរចានុយក្លេអ៊ែរ​ ដែលទើបចាប់ផ្តើមថ្មីរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

លោក ណេតាន់យ៉ាហ៊ូ បានចេញដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃអង្គារ ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងកិច្ចខិតខំប្រឹងប្រែង​ ដើម្បីដាក់សម្ពាធលើលោកឱ្យចាត់វិធានការតឹងរ៉ឹងលើសមត្ថភាពមីស៊ីលផ្លោងរបស់អ៊ីរ៉ង់នៅក្នុងការចរចានាពេលខាងមុខ។

នេះជាកិច្ចប្រជុំលើកទី៧​ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលជាមួយលោក ត្រាំ ចាប់តាំងពីលោកវិលត្រឡប់មកកាន់តំណែងវិញ រួមទាំងកិច្ចប្រជុំមួយនៅទីក្រុងយេរូសាឡឹមក្នុងខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីលោក ត្រាំ បានប្រកាសបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

លោក ណេតាន់យ៉ាហ៊ូ បានប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានថា “នៅក្នុងដំណើរទស្សនកិច្ចនេះ យើងនឹងពិភាក្សាអំពីបញ្ហាជាច្រើន​ តំបន់ហ្គាហ្សា បញ្ហាថ្នាក់តំបន់ ប៉ុន្តែជាការពិតណាស់ ជាដំបូងគឺការចរចាជាមួយអ៊ីរ៉ង់”។

លោកបានថា លោកនឹងធ្វើបទបង្ហាញទៅកាន់លោក ត្រាំ អំពីទស្សនៈរបស់អ៊ីស្រាអែលទាក់ទងនឹង “គោលការណ៍នៃការចរចា គោលការណ៍សំខាន់ៗ” ដែល “សំខាន់មិនត្រឹមតែសម្រាប់អ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់នរណាម្នាក់នៅក្នុងពិភពលោក​ ដែលចង់បានសន្តិភាព និងសន្តិសុខនៅមជ្ឈិមបូព៌ា”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top