រូបភាពផ្កាយរណបបង្ហាញថា អាមេរិកដាក់មីស៊ីល ចូលទៅក្នុងឧបករណ៍ បាញ់មីស៊ីលហើយ ខណៈដែលភាពតានតឹង ជាមួយអ៊ីរ៉ង់កើនឡើង
បរទេស៖ កងកម្លាំងអាមេរិកនៅ al-Udeid របស់ប្រទេសកាតា ដែលជាមូលដ្ឋានធំបំផុត របស់អាមេរិកនៅមជ្ឈិមបូព៌ា បានដាក់មីស៊ីលចូលទៅ ក្នុងឧបករណ៍បាញ់មីស៊ីលហើយ ខណៈដែលភាពតានតឹងជាមួយអ៊ីរ៉ង់បានកើនឡើងចាប់តាំងពីខែមករា ។ នេះបើយោងតាមការវិភាគរូបភាពផ្កាយរណប ដែលមានន័យថា មីស៊ីលអាចត្រូវបានផ្លាស់ទីបានលឿនជាងមុន ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការសម្រេចចិត្តរក្សាមីស៊ីល Patriot នៅក្នុងរថយន្តធុនធំចល័ត ជាជាងនៅស្ថានីយ៍បាញ់មីស៊ីល ពាក់កណ្តាល មានន័យថា មីស៊ីលអាចដាក់ពង្រាយយ៉ាងឆាប់រហ័សដើម្បីវាយប្រហារ ឬត្រូវបានផ្លាស់ទីការពារ ក្នុងករណីមានការវាយប្រហាររបស់អ៊ីរ៉ង់ ហើយក៏បានបង្ហាញពីរបៀបដែលហានិភ័យកើនឡើង ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ជុំវិញកម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ការគាំទ្ររបស់ខ្លួនចំពោះក្រុមសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា និងការបង្ក្រាបការប្រឆាំងផ្ទៃក្នុង ទោះបីជាការចរចាដើម្បីជៀសវាងសង្គ្រាមនៅតែបន្តក៏ដោយ។
ទ័ពអាមេរិកមានមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ាក់ ហ្ស៊កដានី គុយវ៉ែត អារ៉ាប៊ីសាអូឌីត កាតា បារ៉ែន អារ៉ាប់រួម អូម៉ង់ តួកគី និងនៅលើកោះឌីអេហ្គោ ហ្គាស៊ីយ៉ា ក្នុងមហាសមុទ្រឥណ្ឌា ផងដែរ។
ចំណែកឆ្មាំបដិវត្តន៍អ៊ីរ៉ង់វិញបានព្រមានថា ក្នុងករណីមានការវាយប្រហារលើទឹកដីអ៊ីរ៉ង់ ពួកគេអាចសងសឹកប្រឆាំងនឹងមូលដ្ឋានអាមេរិកណាមួយវិញ៕
ប្រែសម្រួលៈ ណៃ តុលា
