លោក ដូណាល់ ត្រាំ បញ្ជាក់ថា កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ នឹងបន្ត និងពិនិត្យមើលថា តើកិច្ចព្រមព្រៀង អាចត្រូវបានសម្រេចឬអត់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា កិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងបន្តដើម្បីមើលថា តើកិច្ចព្រមព្រៀងមួយ អាចសម្រេចបានឬអត់ មិនយូរប៉ុន្មានបន្ទាប់ពីកិច្ចប្រជុំបិទទ្វារ របស់លោកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលកំពុងបំពេញទស្សនកិច្ច នៅសេតវិមានកាលពីថ្ងៃពុធ ។
លោក ត្រាំ បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើបណ្ដាញ Truth Social របស់លោកថា “ខ្ញុំទើបតែបញ្ចប់កិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីលោក ណេតាន់យ៉ាហ៊ូ នៃប្រទេសអ៊ីស្រាអែល និងតំណាងរាស្ត្រជាច្រើនរូបរបស់លោក”។
លោក ត្រាំ បានលេីកឡេីងថា “គ្មានអ្វីច្បាស់លាស់ទេ ក្រៅពីខ្ញុំទទូចឱ្យការចរចា ជាមួយអ៊ីរ៉ង់បន្ត ដើម្បីមើលថា តើកិច្ចព្រមព្រៀង មួយអាចសម្រេចបានឬអត់” ។ “ប្រសិនបើវាអាចធ្វើទៅបាន ខ្ញុំនឹងជម្រាបជូននាយករដ្ឋមន្ត្រីថា នោះនឹងជាជម្រើសមួយ។ ប្រសិនបើវាមិនអាចទេ យើងគ្រាន់តែត្រូវរង់ចាំមើលលទ្ធផល”។
លោកបានបន្ថែមថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាព ដែលកំពុងសម្រេចបាននៅក្នុងតំបន់ហ្គាហ្សា និងតំបន់ជាទូទៅ។ លោក ណេតាន់យ៉ាហ៊ូ បានទៅដល់សេតវិមាន ក្នុងយានយន្តមួយឆ្លងកាត់វាលស្មៅខាងត្បូង នៅព្រឹកថ្ងៃពុធ ហើយបានចាកចេញដោយគ្មានសន្និសីទសារព័ត៌មាន ឬសេចក្តីថ្លែងការណ៍ណាមួយត្រូវបានចេញផ្សាយឡេីយ៕
