អ៊ីរ៉ង់ យកកម្មវិធីអភិវឌ្ឍន៍មីស៊ីល ជាបន្ទាត់ក្រហម ខណៈការចរចានុយក្លេអ៊ែរជាមួយអាមេរិក ស្ថិតក្នុងភាពមិនច្បាស់លាស់
តេអេរ៉ង់៖ អ៊ីរ៉ង់ បានឧ្យដឹងថា «របាំងនៃការមិនទុកចិត្ត» ដែលបង្កើតឡើងដោយលោកខាងលិចកំពុងរារាំងដល់ការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ដោយបញ្ជាក់ជាថ្មី នូវការត្រៀមខ្លួន សម្រាប់ការទូតរបស់ខ្លួនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ខណៈពេលដែលសន្យាថា នឹងមិនសម្របសម្រួល លើសមត្ថភាពការពារជាតិរបស់ខ្លួនឡើយ។
ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian ថ្លែងនៅក្នុងពិធីអបអរសាទរនៅទីក្រុងតេអេរ៉ង់ សម្រាប់ខួបលើកទី ៤៧ នៃបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ បានថា «របាំងនៃការមិនទុកចិត្ត» ដែលបង្កើតឡើង ដោយលោកខាងលិច និងការទាមទារហួសហេតុរបស់សហរដ្ឋអាមេរិក កំពុងរារាំងដល់វឌ្ឍនភាព ក្នុងការចរចានុយក្លេអ៊ែរ ជាមួយទីក្រុងវ៉ាស៊ីនតោន។
លោកបានលេីកឡេីងថា «យើងជឿជាក់ថាបញ្ហានៅក្នុងតំបន់អាច ត្រូវបានដោះស្រាយដោយប្រទេសក្នុងតំបន់តែប៉ុណ្ណោះ មិនមែនដោយរដ្ឋបរទេសនោះទេ» ដោយបន្ថែមថា អ៊ីរ៉ង់នឹងមិនចុះចាញ់ នឹងការទាមទារហួសហេតុ និងការឈ្លានពាននោះឡើយ។
ក្នុងអំឡុងពេល នៃការប្រារព្ធពិធីទូទាំងប្រទេស អ្នកចូលរួមបានដើរក្បួននៅក្នុងទីក្រុងនានាទូទាំងប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ជាថ្មី នូវភក្ដីភាពរបស់ពួកគេ ចំពោះស្ថាប័នជាតិ និងថ្កោលទោសគោលនយោបាយ «ឈ្លានពាន អស្ថិរភាព និងឧក្រិដ្ឋកម្ម» របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលពួកគេស្តីបន្ទោសចំពោះអសន្តិសុខក្នុងតំបន់។
បដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ ដឹកនាំដោយលោក Ayatollah Ruhollah Khomeini បានផ្តួលរំលំរបបលោក Shah Mohammad Reza Pahlavi ដែលគាំទ្រដោយសហរដ្ឋអាមេរិក ហើយបានប្រែក្លាយអ៊ីរ៉ង់ ទៅជាសាធារណរដ្ឋអ៊ីស្លាម៕
ប្រែសម្រួល ឈូក បូរ៉ា
