ចិន និងម៉ិកស៊ិក ពិភាក្សាគ្នា ចំពេលមានភាពតានតឹង ផ្នែកពាណិជ្ជកម្ម ជុំវិញបញ្ហាពន្ធគយខ្ពស់
បរទេស៖ លោក Li Chenggang ប្រធានអ្នកចរចា ពាណិជ្ជកម្ម របស់ប្រទេសចិន កាលពីថ្ងៃចន្ទ បានជួបជាមួយអនុរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចម៉ិកស៊ិក លោក Vidal Llerenas នៅទីក្រុងប៉េកាំង ក្នុងកិច្ចពិភាក្សាទល់មុខគ្នា ជាលើកដំបូងចាប់ តាំងពីប្រទេស ម៉ិកស៊ិកបានដាក់ពន្ធខ្ពស់ជាងលើការនាំចូលរបស់ចិន ហើយក៏ទទួលបានការព្រមាន ពីទីក្រុងប៉េកាំងវិញ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មចិន បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរ ស៊ីជម្រៅលើទំនាក់ ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី និងបញ្ហាផ្សេងៗទៀត។
ប្រទេសម៉ិកស៊ិក បានប្រកាសកាលពីខែធ្នូថា ការដំឡើងពន្ធយ៉ាងខ្លាំងលើប្រទេសចិន និងប្រទេសដទៃទៀត ដែលគ្មានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយម៉ិកស៊ិក ដែលភាគច្រើនរហូតដល់ ៣៥% ។ ការតម្លើងពន្ធនេះ ត្រូវបានអ្នកវិភាគ បកស្រាយយ៉ាងទូលំទូលាយថា ជាការប៉ុនប៉ងដើម្បីបន្ធូរបន្ថយភាព តានតឹងជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានដាក់ពន្ធយ៉ាងច្រើន លើទំនិញចិន។
ពន្ធរបស់ម៉ិកស៊ិកអនុវត្ត ចំពោះទំនិញរាប់ពាន់មុខ រួមទាំងរថយន្ត គ្រឿងបន្លាស់រថយន្ត វាយនភណ្ឌ សម្លៀកបំពាក់ ផ្លាស្ទិច និងដែកថែប ។
ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយថា ពន្ធទាំងនេះមានបំណងបង្កើនផលិតកម្មក្នុងស្រុក និងដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ។ ពន្ធទាំងនេះត្រូវបានគេរំពឹងថា នឹងមានផលប៉ះពាល់ធំបំផុតលើប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំទីពីរ របស់ម៉ិកស៊ិកបន្ទាប់ពីសហរដ្ឋអាមេរិក៕
