ស៊ីរីរំដោះយកបាន ទីតាំងមូលដ្ឋានយោធា ជាយុទ្ធសាស្ត្រមួយកន្លែង មកវិញបន្ទាប់ពី ទ័ពអាមេរិកដកចេញ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៃប្រទេសស៊ីរីបានប្រកាសថា កងកម្លាំងរដ្ឋាភិបាលស៊ីរី បានកាន់កាប់មូលដ្ឋានយោធា យុទ្ធសាស្ត្រមួយនៅភាគខាងកើត របស់ប្រទេសបន្ទាប់ពីការដកទ័ពអាមេរិក ដែលបានឈរជើងដោយខុសច្បាប់ នៅទីនោះអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ។
យោធភូមិភាគ Al-Tanf ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ស្ថិតនៅចំណុចប្រសព្វយុទ្ធសាស្ត្រ នៃប្រទេសស៊ីរី ហ្ស៊កដានី និងអ៊ីរ៉ាក់ តាមបណ្តោយផ្លូវ M2 បាកដាដ-ដាម៉ាស ។
មូលដ្ឋាននេះបានបម្រើ ការជាមជ្ឈមណ្ឌលសំខាន់ សម្រាប់ប្រតិបត្តិការ ដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងពួកភេរវករ រដ្ឋអ៊ីស្លាម (IS ដែលពីមុនជា ISIS) ដែលបានគ្រប់គ្រងច្រកព្រំដែនក្បែរនោះ មុនពេលពួកគេមកដល់។ វាត្រូវបានគេប្រើដើម្បីបណ្តុះបណ្តាលកម្លាំងប្រឆាំង។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងបានចេញសេចក្តីថ្លែងការណ៍មួយថា ការប្រគល់មូលដ្ឋាននេះបានធ្វើឡើងក្នុងការសម្របសម្រួលជាមួយយោធាសហរដ្ឋអាមេរិក ហើយថា កងកម្លាំងស៊ីរីឥឡូវកំពុងតែធានាសុវត្ថិភាពមូលដ្ឋាន និងបរិវេណរបស់ខ្លួន។ កងកម្លាំងឆ្មាំព្រំដែននឹងដាក់ពង្រាយនៅតំបន់នោះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ទាហានអាមេរិក បានជម្លៀសទីតាំងកាលពីថ្ងៃពុធ ហើយបានផ្លាស់ប្តូរឆ្ពោះទៅព្រំដែន ជាមួយប្រទេសហ្ស៊កដានី ពីកន្លែងដែលពួកគេនឹង បន្តសម្របសម្រួល ប្រតិបត្តិការដែលមានកម្រិតនៅក្នុងតំបន់ ។ ប្រភពមួយបានប្រាប់ AP ថាពួកគេបានរើឧបករណ៍ចេញអស់រយៈពេល១៥ថ្ងៃកន្លងមកនេះ៕
ប្រែសម្រួល៖ស៊ុនលី
