ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប ប្រកាសរកឃើញ ទីតាំងហ្គាស និងប្រេងឆៅថ្មី នៅតំបន់វាលខ្សាច់ ភាគខាងលិចប្រទេស

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងប្រេងរបស់ប្រទេសអេហ្ស៊ីប កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការ រកឃើញធនធានហ្គាស និងប្រេងថ្មីនៅវាលខ្សាច់ខាងលិច ដោយរំពឹងថា នឹងមានទិន្នផលប្រចាំថ្ងៃ ប្រហែល៣៤លានហ្វីតគូបស្តង់ដារ រួមជាមួយនឹងប្រេងឆៅ និង ជាង៥២០០បារ៉ែល។

របកគំហើញដែលធ្វើឡើងដោយក្រុមហ៊ុន វិស័យប្រេងចំនួន៤ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ក្រសួង ដើម្បីទូទាត់ការថយ ចុះផលិតកម្មធម្មជាតិ នៅក្នុងអណ្តូងចាស់ កាត់បន្ថយវិក្កយបត្រនាំចូល និងជំរុញទិន្នផល ថាមពលក្នុងស្រុក។

ប្រទេសអេហ្ស៊ីបបាននិងកំពុងព្យាយាមជំរុញ ផលិតកម្មប្រេង និងហ្គាសរបស់ខ្លួន ចំពេលមានការថយចុះ នៃទិន្នផលឧស្ម័នធម្មជាតិ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។
កាលពីនៅក្នុងខែសីហា ឆ្នាំ២០២៥កន្លងមក នាយករដ្ឋមន្ត្រី Mostafa Madbouly បាននិយាយថា ការផលិតហ្គាសធម្មជាតិ នាពេលបច្ចុប្បន្នរបស់ប្រទេស អេហ្ស៊ីប មានកម្រិត៤,១ពាន់លានហ្វីតគូបក្នុងមួយថ្ងៃ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៦,៦ ពាន់លានហ្វីតគូបក្នុង មួយថ្ងៃនៅឆ្នាំ២០២៧៕

ប្រែសម្រួល៖ស៊ុនលី

To Top