មេដឹកនាំអ៊ីរ៉ាក់ និងតួគីពិភាក្សាទ្វេភាគី លើបញ្ហាពាណិជ្ជកម្ម និងសន្តិសុខនៅក្នុងតំបន់
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia al-Sudani និងប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានពិភាក្សាគ្នា តាមទូរស័ព្ទកាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីវិធីធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់ស្ថិរភាពក្នុងតំបន់។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់លោក Al-Sudani បាននិយាយថា មេដឹកនាំបានផ្តោតលើការជំរុញ គម្រោងផ្លូវអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ ដោយកត់សម្គាល់ពីសារៈសំខាន់សេដ្ឋកិច្ច និងការវិនិយោគរបស់វា។ ពួកគេក៏បានស្វែងយល់ ពីការពង្រីកពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនទៀត។
អំពីបញ្ហាសន្តិសុខ សេចក្តីថ្លែងការណ៍ បាននិយាយថា មេដឹកនាំទាំង ពីរបានសង្កត់ធ្ងន់ លើសារៈសំខាន់ នៃការបន្តការសម្របសម្រួល និង ការប្រយុទ្ធប្រឆាំង នឹងសំណល់នៃអំពើភេរវកម្ម ដោយបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការសន្ទនា ដំណោះស្រាយដោយសន្តិវិធី និងការទប់ស្កាត់ការកើនឡើងនៃជម្លោះ។
នាយកផ្នែកទំនាក់ទំនងរបស់ប្រទេសតួគី បានរាយការណ៍ថា លោក Erdogan បានសង្កត់ធ្ងន់លើចេតនារបស់ទីក្រុង Ankara ក្នុងការពង្រឹងទំនាក់ទំនង ជាមួយប្រទេសអ៊ីរ៉ាក់ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ហើយបាននិយាយថា ការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំង ភេរវកម្មនឹងផ្តល់ផលប្រយោជន៍ ដល់ប្រទេសទាំងពីរ។
គួរឲ្យដឹងដែរថាគម្រោង ផ្លូវអភិវឌ្ឍន៍ មានគោលបំណងតភ្ជាប់កំពង់ផែ Al-Faw Grand របស់អ៊ីរ៉ាក់នៅភាគខាងត្បូង ទៅព្រំដែនតួគី និង បន្តទៅអឺរ៉ុប។ វាត្រូវបានដាក់ឱ្យដំណើរការ បន្ទាប់ពីប្រទេសអ៊ីរ៉ាក់តួគី កាតា និងអេមីរ៉ាត់អារ៉ាប់រួម បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា មួយនៅអ៊ីស្តង់ប៊ុលក្នុងឆ្នាំ ២០២៤៕
ប្រែសម្រួល៖ស៊ុនលី
