ក្រុងប៉េកាំងប្រកាសចាត់វិធានការ ឆ្លើយតបបន្ទាប់ពីមានវិដេអូ របស់ CIA គោលដៅមកលើយោធាចិន
បរទេស៖យោង តាមការចេញ ផ្សាយរបស់ RT ក្រសួងការបរទេស នៅទីក្រុងប៉េកាំងបាននិយាយថា ប្រទេសចិននឹង ចាត់វិធានការ ចាំបាច់ទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំង នឹងការជ្រៀតចូល និងការបំផ្លិចបំផ្លាញដោយកងកម្លាំងបរទេស។
ការប្រកាសនេះត្រូវបានគេ មើលឃើញថា គឺជាការឆ្លើយតបទៅ នឹងការផ្សាយពាណិជ្ជកម្មជ្រើសរើសបុគ្គលិក របស់ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់កណ្តាល របស់សហរដ្ឋអាមេរិក (CIA) នាពេលថ្មីៗនេះ ដែលផ្តោតលើគោលដៅជា បុគ្គលិកយោធាចិន។
វីដេអូជាភាសាចិនកុកងឺរបស់ទីភ្នាក់ងារចារកម្មCIA ដែលបានផ្សព្វផ្សាយ នៅលើគណនី YouTube របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យមន្ត្រី និងកងទ័ពឱ្យចូលរួមបង្ហាញព័ត៌មានបែកធ្លាយនានា អំពីមេដឹកនាំកំពូលរបស់ចិន ឬទាក់ទងនឹងវិស័យយោធា ឬបច្ចេកវិទ្យាដ៏រសើបផ្សេងទៀតផង។
អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា ៖ប្រទេសចិននឹង ចាត់វិធានការ ចាំបាច់ទាំងអស់ដើម្បីដោះស្រាយយ៉ាងម៉ឺងម៉ាត់ នូវសកម្មភាពជ្រៀតចូល និងសកម្មភាពបំផ្លិចបំផ្លាញ នៃកងកម្លាំងប្រឆាំងចិន និងការពារយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ជាតិ។
គួរឲ្យដឹងដែរថាការផ្សាយ ពាណិជ្ជកម្មរបស់ CIA លើកនេះបានកើតឡើងប៉ុន្មាន សប្តាហ៍បន្ទាប់ពីទីក្រុងប៉េកាំង បានចាប់ផ្តើមការស៊ើបអង្កេតប្រឆាំង អំពើពុករលួយ ទៅលើឧត្តមសេនីយខ្ពស់បំផុត របស់ខ្លួនគឺលោក Zhang Youxia ៕
ប្រែសម្រួល៖ស៊ុនលី
