រុស្ស៊ី កំពុងរៀបចំបញ្ជូនការដឹកជញ្ជូនប្រេង និងផលិតផលប្រេងកាត ទៅកាន់ប្រទេសគុយបា
បរទេស៖ ស្ថានទូតទីក្រុងមូស្គូប្រចាំទីក្រុងហាវ៉ាណា របស់ប្រទេស គុយបា បានប្រកាសថា ប្រទេសរុស្ស៊ីកំពុងរៀបចំបញ្ជូនការដឹកជញ្ជូនប្រេង និងផលិតផលប្រេងកាតទៅកាន់ប្រទេសគុយបា ។ គុយបា កំពុងប្រឈមមុខនឹងវិបត្តិថាមពលដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីសហរដ្ឋអាមេរិកបានបង្កើនយុទ្ធនាការរបស់ខ្លួនទ្វេដង ដើម្បីកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលរបស់ខ្លួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា វិបត្តិប្រេងឥន្ធនៈបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីដើមខែមករា ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងពីទីក្រុង Caracas ដែលធ្លាប់ជាអ្នកផ្គត់ផ្គង់សំខាន់មួយរបស់ប្រទេសគុយបា។
ក្រោយមក ទីក្រុងវ៉ាស៊ីនតោនបានគំរាមកំហែងដាក់ពន្ធលើប្រទេសណាមួយ ដែលផ្គត់ផ្គង់ប្រេងដល់ប្រទេសគុយបា ដោយក្រោយមក ប្រទេសម៉ិកស៊ិកក៏បានផ្អាកការដឹកជញ្ជូនប្រេងឆៅ ទៅកាន់កោះនេះ ។ សហរដ្ឋអាមេរិកខ្លួនឯងបានរក្សា ការហាមឃាត់សេដ្ឋកិច្ចលើកោះនេះ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ ។
ការដឹកជញ្ជូនប្រេងដ៏សំខាន់ចុងក្រោយ របស់រុស្ស៊ីទៅកាន់ប្រទេសគុយបាបានកើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ នៅពេលដែលទីក្រុងមូស្គូ បានបញ្ជូនប្រេងចំនួន ១០០.០០០ តោនតាមរយៈឥណទានរដ្ឋដែលមានតម្លៃ ៦០ លានដុល្លារដែលត្រូវបានអនុម័តដោយប្រធានាធិបតីរុស្ស៊ី Vladimir Putin។ ប្រទេសគុយបាត្រូវបានគេប៉ាន់ប្រមាណថា ប្រើប្រាស់ប្រេងឥន្ធនៈពី ៥០០ ទៅ ៦០០ តោនក្នុងមួយថ្ងៃសម្រាប់តម្រូវការសំខាន់បំផុតរបស់ខ្លួន ហើយត្រូវការប្រេងឥន្ធនៈជាង ៨ លានតោន ក្នុងមួយឆ្នាំដើម្បីដំណើរការធម្មតា។
ប្រែសម្រួលៈ ណៃ តុលា
