មហាអំណាចអាមេរិក ព្រមព្រៀងគ្នាលេីកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្ដិការលេីវិស័យមួយចំនួន
មុយនិក៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុងមុយនិក ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាពង្រឹងការសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិក។
លោក វ៉ាង យី ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានឧ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្តល់ការណែនាំជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក។
លោកបានកត់សម្គាល់ថា ភាគីទាំងពីរគួរតែអនុវត្តការឯកភាពគ្នាដ៏សំខាន់ ដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ និងធ្វើឱ្យឆ្នាំ២០២៦ ជាឆ្នាំដែលចិន និងសហរដ្ឋអាមេរិកឆ្ពោះទៅរកការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
លោក វ៉ាង យី បានលេីកឡេីងថា ការសន្ទនាគឺល្អជាងការប្រឈមមុខដាក់គ្នា កិច្ចសហប្រតិបត្តិការគឺល្អជាងជម្លោះ ហើយលទ្ធផលឈ្នះ-ឈ្នះគឺល្អជាងល្បែង ដែលមានផលបូកសូន្យ។
លោកបានបន្ដថា ដរាបណាភាគីទាំងពីរគោរពគោលការណ៍នៃសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក ពួកគេនឹងអាចស្វែងរកវិធី ដើម្បីដោះស្រាយកង្វល់របស់គ្នាទៅវិញទៅមក និងគ្រប់គ្រងភាពខុសគ្នាបានត្រឹមត្រូវ។
លោកបានជំរុញឱ្យភាគីទាំងពីរខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រីកបញ្ជីកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ និងកាត់បន្ថយបញ្ជីបញ្ហា ដើម្បីដឹកនាំទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ឆ្ពោះទៅរកផ្លូវនៃការអភិវឌ្ឍដែលមានស្ថិរភាព មានសុខភាពល្អ និងប្រកបដោយចីរភាព និងផ្ញើសញ្ញាវិជ្ជមានបន្ថែមទៀតទៅកាន់ពិភពលោក៕
ប្រែសម្រួល: ឈូកបូរ៉ា
