ព័ត៌មានអន្តរជាតិ

កិច្ចចរចាត្រីភាគីជុំថ្មី​ ស្តីពីអ៊ុយក្រែន​ នឹងត្រូវធ្វើឡើងនៅទីក្រុងហ្សឺណែវ​ ចន្លោះថ្ងៃទី១៧-១៨ ខែកុម្ភៈ

មូស្គូ៖​ កិច្ចចរចាត្រីភាគីជុំបន្ទាប់រវាងអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី​ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧-១៨ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា គណៈប្រតិភូរុស្ស៊ីនឹងដឹកនាំដោយជំនួយការប្រធានាធិបតី លោក Vladimir Medinsky។

ប្រធានអ្នកចរចាអ៊ុយក្រែន លោក Rustem Umerov បានសរសេរនៅលើហ្វេសប៊ុកថា ក្រុមចរចាអ៊ុយក្រែនត្រូវបានបង្កើតឡើង ដោយរួមបញ្ចូលសមាសធាតុយោធា នយោបាយ និងសន្តិសុខនៃដំណើរការនេះ។

លោក Umerov បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាព និងយូរអង្វែងនៅតែជាគោលដៅរបស់គណៈប្រតិភូអ៊ុយក្រែននៅក្នុងកិច្ចចរចា។

ជុំទីមួយនៃការពិគ្រោះយោបល់សន្តិសុខត្រីភាគីក្នុងចំណោមប្រទេសទាំងបីត្រូវបានធ្វើឡើងនៅថ្ងៃទី ២៣-២៤ ខែមករា​ នៅទីក្រុងអាប៊ូដាប៊ី ជាកន្លែងដែលគណៈប្រតិភូរុស្ស៊ីត្រូវបានដឹកនាំដោយប្រធានចារកម្មយោធារបស់ប្រទេសគឺលោក Igor Kostyukov៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top