របៀបរបបសណ្ដាប់ធ្នាប់ របស់ពិភពលោក បាននឹងកំពុងប្រែប្រួល និងផ្លាស់ប្តូរទៅតាមមហិច្ឆតា នៃអំណាចអនុត្តរភាព
ច្បាប់អន្តរជាតិ ឬអង្គការសហប្រជាជាតិ បានក្លាយទៅជាទំនិញមួយដែលលែងមានតម្លៃទៀត។

ព្រោះក្រោយពីការចាប់ខ្លួនលោក Nicolas Maduro បានហើយលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិកបានប្រកាសថា សហរដ្ឋអាមេរិក អាចអនុវត្តអំណាចនិងឆន្ទៈរបស់ខ្លួននៅ ទោះបីកន្លែងណាមួយក៏បាន (SIC) ! ដែលមុននេះ សហរដ្ឋអាមេរិកតែងតែប្រើពាក្យ របៀបរបបសណ្ដាប់ធ្នាប់អន្តរជាតិ ត្រូវផ្អែកមកលើច្បាប់ទម្លាប់! ដែលជាពាក្យពេជ្រនយោបាយរបស់អាមេរិក ក្នុងការចងចិនមិនឱ្យមានសកម្មភាពយ៉ាងសេរីក្នុងការរំលោភបំពានមកលើសមុទ្រចិនខាងត្បូង និងការធ្វើសេដ្ឋកិច្ចពាណិជ្ជកម្មនៅលើពិភពលោកនេះ។
តែនៅពេលដែលសហរដ្ឋអាមេរិក ជាឯកតោភាគីក្នុងការចេញមុខវាយប្រហារមកលើប្រទេសមួយដែលមានអធិបតេយ្យភាព គឺមានន័យថាអាមេរិកបានជាន់ឈ្លី មកលើច្បាប់ជាធរមានទាំងឡាយដែលអាមេរិក ជាអ្នកបានលើកកម្ពស់ជាងគេ។ ប្រការនៃភាពដ៏កំរោលមួយនេះបានជួយអោយចិនមានអំណោយផលក្នុងការបញ្ចុះបញ្ចូលពន្យល់ពិភពលោកជាពិសេសគឺបណ្ដាប្រទេស BRICS និងក្រុមប្រទេសក្នុងអឌ្ឍគោលខាងត្បូង មើលឃើញនិងចាំបាច់ត្រូវកសាងរបៀបរបប សណ្ដាប់ធ្នាប់ថ្មីមួយ ដែលមានចរិកជាពហុភាគី ជាទីកន្លែងដែលសិទ្ធិអំណាចរបស់អាមេរិកនៅមានកំហិត ហើយដែលភាគីចិនចង់បាននោះ។

នៅព្រឹកថ្ងៃទី៣ មករា ឆ្នាំ២០២៦ កងទ័ពអាមេរិកបានវាយប្រហារមកលើ Venezuala ហើយបានចាប់ខ្លួនប្រធានាធិបតី Nicolas Maduro បន្ទាប់មកប្រធានាធិបតី Trump ក៏បានប្រកាសថា និងគ្រប់គ្រង ដឹកនាំ Venezuala មើលទៅដូចជាពិភពលោកមួយនេះបាននឹងកំពុងស្ថិតនៅក្នុងសតវត្សទី១៤ នៃសម័យកាលរបស់ពួកអាណានិគមដើររុករកដែនដីថ្មីនោះ។ ព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រមួយនេះអាចនឹងធ្វើឱ្យមានការផ្លាស់ប្ដូររបៀបរបបពិភពលោក នាសករាជថ្មីមួយនេះ ដោយអ្នកយោធានិយមបានសម្គាល់ការឈ្លានពានពីរ មានសណ្ឋានដូចគ្នា៖
រុស្ស៊ីវាយប្រហារឈ្លានពានមកលើ Ukraine នៅឆ្នាំ 2022

- កងទ័ពរុស្សីបើកការវាយប្រហារ មករដ្ឋធានី Kyiv និងបណ្ដាទីតាំងមូលដ្ឋានយោធារបស់ Ukraine
- រុស្សីមានបំណងចង់ផ្ដួលរលំរដ្ឋាភិបាលស្របច្បាប់ Ukraine
- រុស្សីប្រកាសនិងគ្រប់គ្រង ត្រួតត្រា Ukraine
- រុស្សីមានបំណងរុករក ធ្វើអាជីវកម្មរ៉ែរបស់ Ukraine
- ការវាយប្រហាររបស់រុស្សីចូល Ukraine ពុំបានសុំការអនុញ្ញាត្តិពីអង្គការសហប្រជាជាតិឡើយ។
សហរដ្ឋអាមេរិក វាយប្រហារឈ្លានពាន មកលើប្រទេស Venezuala

- កងទ័ពអាមេរិកបើកការវាយប្រហារមកលើរដ្ឋធានី និងបណ្ដាមូលដ្ឋានយោធារបស់ Venezuala
- អាមេរិកចាប់ខ្លួន និងកំចាត់ចោលប្រធានាធិបតីស្របច្បាប់ Maduro
- Trump ប្រកាសអាមេរិក និងដឹកនាំ គ្រប់គ្រងមកលើ Venezuala
- អាមេរិក មានផែនការធ្វើអាជីវកម្ម និងលក់ប្រេងរបស់ Venezuala
- ការវាយប្រហាររបស់អាមេរិកមកលើ Venezuala ពុំបានសុំការអនុញ្ញាត្តិពី អសប ទេ
- ហើយសូម្បីតែរដ្ឋសភាអាមេរិក ក៏ត្រូវបានជូនព័ត៌មានក្រោយពីការវាយប្រហារនេះចប់!។
មានចំណុចជាមូលដ្ឋាន មានសភាពដូចគ្នា នៃព្រឹត្តិការណ៍នយោបាយ យោធាទាំងពីរនេះរួមមាន៖
- កងកម្លាំងប្រដាប់អាវុធ បានឆ្លងព្រំដែនចូលទៅប្រទេសមួយផ្សេងទៀត ដោយពុំមានការអនុញ្ញាត្តិពីប្រទេសម្ចាស់ផ្ទះ
- ធ្វើការផ្ដួលរលំ ចង់ផ្លាស់ប្តូររដ្ឋអំណាចមួយដែលកំពុងកាន់អំណាចនិងស្របច្បាប់តាមកម្លាំងយោធា
- ប្រទេសធំជាអ្នកកំណត់ សម្រេច នរណាជាអ្នកដឹកនាំ មកលើប្រទេសដែលខ្លួនកំពុងតែជាន់ឈ្លីនិងឈ្លានពាន
- មានគម្រោងផែនការធ្វើអាជីវកម្មមកលើធនធានធម្មជាតិ របស់ប្រទេសដែលខ្លួនបានរំលោភឈ្លានពាន។
មានចំណុចខ្លះនៅមានភាពផ្សេងពីគ្នាដូចជា៖
- Maduro ត្រូវបានប្រទេសជាច្រើនមិនទទួលស្គាល់ ចំពោះរុស្សីវិញបានចាត់ទុករដ្ឋបាល Ukraine មិនស្របច្បាប់
- Maduro ត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ថា ជួញដូរគ្រឿងញៀនចំណែក Zelenskyy វិញត្រូវចោទប្រកាន់ថាជាជនហ្វាក់ស៊ីស កាប់សម្លាប់ប្រជាជនរុស្សី។

ពិភពលោកបាននឹងកំពុងត្រូវបានបែងចែក ទៅជាតំបន់ឥទ្ធិពល (Sphere of influence) ដោយនិយមន័យអ្វីទៅដែលហៅថា តំបន់ឥទ្ធិពល! ដែរពិភពលោកមើលទៅប្រៀបដូចជាសង្កាត់មួយដ៏ធំដែលពីដើមឡើយ សង្កាត់មួយនេះត្រូវបានស្ថិតនៅក្រោមច្បាប់រួមដើម្បីជាការគ្រប់គ្រង(តាមរយៈអង្គការសហប្រជាជាតិ) ។ ក៏ប៉ុន្តែឥឡូវនេះ មានគ្រួសារបីធំ ខ្លាំងហើយមានទ្រព្យធនច្រើនបានឯកភាពកំណត់សម្រេចថា៖ ក្នុងគ្រួសារអ្នកមានធំ និងខ្លាំងមួយនេះមានសិទ្ធិ ធ្វើការគ្រប់គ្រងមកលើផ្ទះប៉ុន្មានខ្នងដាច់ដោយឡែកពីគ្នាដោយ៖

- អាមេរិក
- សហរដ្ឋអាមេរិក ធ្វើការគ្រប់គ្រង់មកលើតំបន់អឌ្ឍគោលខាងលិច (Western Hemisphere)
- មានជាអាទ៍ដូចជា ពួកប្រទេសទាំងអស់ដែលស្ថិតនៅតំបន់អាមេរិកខាងត្បូង បន្ទាប់មកក៏មានពួកប្រទេស Canada, Mexico, Panama, Greenland ។ល។
- រុស្សី
- រុស្សីបន្តគ្រប់គ្រងមកលើតំបន់អ៊ឺរ៉ុបខាងកើតដដែលរួមមាន៖
- មាន Ukraine ដែលកំពុងច្បាំងគ្នាជាមួយរុស្សី
- ពួកប្រទេសផ្សេងទៀតនៅអ៊ឺរ៉ុបខាងកើត
- រុស្សីចង់ស្ដារបៀបរបបឡើងវិញក្រោយសង្គ្រាមត្រជាក់។
- ចិន
- ចិនចង់គ្រប់គ្រងអាស៊ីប៉ាស៊ីហ្វិក៖ ដោយនៅលើកន្លែងខ្លះ ដែរហាក់បីនៅមានភាពស្មុគ្រស្មាញប្រទាញប្រទងដូចសមុទ្រចិនខាងត្បូង
- ចិនចង់គ្រប់គ្រងមកលើតំបន់អាស៊ី
- តែអាមេរិកនៅតែអះអាងក្នុងការការពារ កោះតៃវ៉ាន់ជាដាច់ខាត។
បុព្វបទទាំងអស់នេះ មានសារៈសំខាន់ចំពោះបណ្ដាប្រទេសនៅក្នុងតំបន់ ពិសេសគឺប្រទេសទាំងបី នៅឥណ្ឌូចិននេះមាន កម្ពុជា-វៀតណាម-ឡាវ ក៏ស្ថិតនៅក្នុងតំបន់ ដែលទទួលរងនូវឥទ្ធិពល នៃការទំនាស់នេះដែរ ព្រោះតំបន់នេះនៅមិនច្បាស់ថា ជារបស់ចិនឬរបស់អាមេរិក ហើយសមុទ្រចិនខាងត្បូង នៅតែជាទីលានប្រឈមមុខដាក់គ្នារវាងប្រទេសមហារអំណាច ផុតលេខពីរ គឺចិននិងអាមេរិក។
គោលនយោបាយ រក្សាខ្លួនឱ្យនៅកណ្ដាល អាព្យាក្រឹត្យរបស់ពួកប្រទេសតូចៗ ដូចជា វៀតណាម កម្ពុជា ឡាវ ដោយខិតខំរក្សាលំនឹង ក្នុងទំនាក់ទំនងល្អជាមួយអាមេរិក ចិន រុស្សី និងប្រទេសជាច្រើនផ្សេងទៀត នៅលើពិភពលោក ក៏ប៉ុន្តែនៅក្នុងពិភពលោកមួយ ដែលមានតំបន់ឥទ្ធិពល យ៉ាងដូច្នោះ គឺជៀសមិនផុតពីពួកប្រទេសធំអាចចាប់បង្ខំ អោយពួកប្រទេសតូចត្រូវធ្វើការជ្រើសរើស សម្រេចយកប្រទេសមួយនេះ ដោយមិនដើរជាមួយប្រទេសមួយនោះ មិនអាចធ្វើល្អទាំងពីរ ទាំងបី ក្នុងទំនាក់ទំនងជាមួយគ្នាក្នុងមួយពេលបានឡើយ!។
មេរៀនរបស់ Ukraine និង Venezuala

- Ukraine ប្រឹងប្រែងល្អ និងខិតជិតមករកលោកខាងលិច នាំដល់ការទទួលរងនូវអំពើរឈ្លានពានរបស់រុស្សី។
- Venezuela មានធនធានធម្មជាតិសម្បូរបែប មានរ៉ែប្រេងមហាសាល ហើយមានជំនោរទៅរកចិន-រុស្ស៊ី នាំដល់ការធ្វើអន្តរាគមន៍ ជាកម្លាំងយោធារបស់អាមេរិក ចូលមកផ្ទៃក្នុង របស់ប្រទេសនេះ។
- កម្ពុជា វៀតណាម ឡាវ មានទីតាំងភូមិសាស្ត្រល្អ និងសម្បូរទៅដោយ សម្បត្តិធម្មជាតិ ទើបមិនច្បាស់ថាប្រទេសទាំងបីនេះ មិនស្ថិតក្នុងចក្ខុយុត្តិសាស្ត្រ របស់ពួកប្រទេសធំមែនឬ?
- តៃវ៉ាន់ នៅតែជាផ្នែកមួយមិនអាចកាត់ផ្ដាច់បានចេញពីចិនដីគោក បានជាដាច់ខាត ក្នុងករណីបើពុំមានការព្រមព្រៀងមួយសម្ងាត់ទេនោះ អំពីតំបន់ឥទ្ធិពល ទើបហេតុអ្វីបានជា អាមេរិក នៅតែអះអាងសន្យា (Committed) ក្នុងការការពារតៃវ៉ាន់យ៉ាងខ្លាំងក្លាដូច្នោះ!។
តើពួកប្រទេសតូច អាចទទួលយកបានសេចក្ដីសុខដែរឬទេ នៅក្នុងបរិបទនៃអំណាចអនុត្តរភាពមួយយ៉ាងដូច្នេះ របស់សតវត្សន៍ទី២១នោះ!
ជារួមពួកប្រទេសកំពុងអភិវឌ្ឍន៍ គ្មានប្រទេសណាមួយ សុខចិត្តរស់ក្រោមការរណមចំណុះរបស់ប្រទេសមហាអំណាចណាមួយឡើយ! ដោយពួកប្រទេសតូចក៏ចង់បានសិទ្ធសិរីភាពក្នុងការទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសនៅលើសកលោក ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ឬរបបនយោបាយ មានការស្មើភាព និងគោរពគ្នាទៅវិញទៅមកដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលមានអង្គការសហប្រជាជាតិ ជាស្ថាប័នកំពូលនៃមូលដ្ឋានគ្រឹះ។ កម្ពុជាជាឧទាហរណ៍ជាក់ស្ដែងបំផុត ស្រឡាញ់សន្តិភាព ដោយមិនចាត់ទុកប្រទេសណាមួយជាសត្រូវឡើយ!។
តើរបៀបរបប សណ្ដាប់ធ្នាប់មួយនេះ មាននិរន្តភាពដែរឬអត់?
ជាសក្ខីភាព ក្នុងប្រវត្តិសាស្ត្រ បានបញ្ជាក់អោយឃើញថា តំបន់ឥទ្ធិពល តែងតែពុំមានស្ថិរភាព ដោយឧទារហ៍ជាក់ស្ដែងគឺរុស្ស៊ី បានខិតខំប្រឹងប្រែងរក្សាតំបន់ឥទ្ធិពល អោយបានតាំងពីបណ្ដាឆ្នាំ១៩៩២ ប៉ុន្តែនៅតែមិនអាចរក្សាបានបរាជ័យជានិច្ច មកពីសហរដ្ឋអាមេរិក មិនអនុញ្ញាត្តិអោយមានតំបន់ឥទ្ធិពល របស់រុស្ស៊ីកើតឡើងជារូបរាងបាន!។
ទីណាមានវត្តមាន មានផលប្រយោជន៍របស់ចិន គឺទីនោះ មានការបង្ករហេតុបង្កើតរឿង ដោយអាមេរិកក្រោមគ្រប់រូបភាព ក្នុងគោលបំណងដើម្បីការពារឧត្ដមភាពនៃអនុត្តរភាពរបស់ Uncle Sam !។
ព្រឹត្តិការណ៍នយោបាយនៅ Venezuala ពុំមែនជាឧបទ្ទវហេតុសាមញ្ញនោះទេ តែវាជាចំណែកមួយក្នុង និន្នាការនយោបាយមួយដ៏ធំ ដែលពិភពលោកប្តូរពីប្រព័ន្ធនយោបាយ ពឹងផ្អែកមកលើច្បាប់អន្តរជាតិ ងាកមកផ្អែកមកលើប្រព័ន្ធមួយដែលយកកម្លាំងបាយ និងយកតំបន់ឥទ្ធិពល ជាលេសនយោបាយនោះ!។
តើពួកប្រទេសតូចដូចជាប្រទេស កម្ពុជា ឡាវ វៀតណាម អាចទ្រាំទ្របានទៅនឹងសម្ពាធនៃព្យុះសង្ឃរា ដ៏កាចសាហាវ បានក្នុងការរក្សាបានឯករាជ្យ អធិបតេយ្យភាពបាននៅក្នុងពិភពលោកមួយ ដែលពួកប្រទេសធំធ្វើការប្រកួតប្រជែង បែងចែក តំបន់ឥទ្ធិពលនោះ!។
ទាំងអស់នេះ ជាចក្ខុយុទ្ធសាស្ត្រ ដោយផ្អែកលើព្រឹត្តិការណ៍ ដែលកំពុងតែវិវត្តន៍ នាពេលបច្ចុប្បន្ន និងទំនោនិន្នាការ នៃភូមិសាស្ត្រនយោបាយ ដែលក្នុងអនាគត នៅមានភាពមិនច្បាស់លាស់នៅឡើយ រួមមានទាំងកត្តាជាច្រើនទៀត ដែលអាចជះឥទ្ធិពល មកលើដំណើរវិវត្តន៍ ប្រែប្រួលរបស់ពិភពលោក នាពេលខាងមុខនេះ៕

ដោយ៖ លោក ហើស សិរីធន់ អ្នកសិក្សាស្រាវជ្រាវភូមិសាស្រ្តនយោបាយ
