គែរ៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានបញ្ជាក់ជាថ្មីថា កម្មវិធីមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ នៅតែជា «ខ្សែបន្ទាត់ក្រហម» ដែលមិនអាចចរចាបាន ខណៈដែលសហរដ្ឋអាមេរិកបានបញ្ជាឱ្យនាវាផ្ទុកយន្តហោះទីពីរទៅកាន់មជ្ឈិមបូព៌ា ចំពេលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាប់គាំង។
លោក Ali Shamkhani ទីប្រឹក្សានយោបាយជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានឧ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera ថា អ៊ីរ៉ង់ នឹងឆ្លើយតប «យ៉ាងម៉ឺងម៉ាត់ និងសមស្រប» ចំពោះសកម្មភាពយោធាណាមួយ។
លោកបានលេីកឡេីងថា «អំណាចមីស៊ីលរបស់អ៊ីរ៉ង់ គឺស្ថិតក្នុងចំណោមខ្សែបន្ទាត់ក្រហមរបស់ខ្លួន ហើយមិនមែនជាកម្មវត្ថុនៃការចរចានោះទេ» ដោយបន្ថែមថា យោធានៅតែប្រុងប្រយ័ត្នខ្ពស់ និងព្រមានថា តម្លៃនៃ «ការគណនាខុស» ណាមួយដោយមហាអំណាចខាងក្រៅ នឹងត្រូវបង់ថ្លៃខ្ពស់។
យ៉ាងណាក៏ដោយ លោកបានបន្ដថា ការចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន អាចជំរុញ និងការពារផលប្រយោជន៍ទៅវិញទៅមក ប្រសិនបើពួកគេមានឫសគល់នៅក្នុងភាពប្រាកដនិយម និងជៀសវាងការទាមទារហួសហេតុពេក។
ក្រោយមកនៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា នាវាផ្ទុកយន្តហោះ USS Gerald R. Ford ដែលជានាវាផ្ទុកយន្តហោះធំជាងគេបំផុតរបស់ពិភពលោក ត្រូវបានបញ្ជាឱ្យចូលរួមជាមួយនាវាផ្ទុកយន្តហោះ USS Abraham Lincoln និងនាវាពិឃាតមីស៊ីលនាំផ្លូវចំនួនបីគ្រឿង ដែលត្រូវបានដាក់ពង្រាយរួចហើយនៅក្នុងតំបន់នោះ៕
ប្រែសម្រួល ឈូក បូរ៉ា
