អាមេរិក ដាក់ពន្ធថ្មីលើការនាំចូលបន្ទះសូឡារបស់ឥណ្ឌា 126%, ពីឥណ្ឌូនេស៊ី 86% ទៅ 143% និង សម្រាប់ប្រទេសឡាវ 81%
បរទេស៖ សហរដ្ឋអាមេរិកបានប្រកាសពីពន្ធថ្មីដ៏ខ្ពស់លើបន្ទះសូឡាពីប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និងឡាវ ដើម្បីគាំទ្រដល់ក្រុមហ៊ុនផលិតក្នុងស្រុក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានកំណត់ពន្ធបឋមលើការនាំចូលសូឡាពីក្រុមហ៊ុននានានៅក្នុងប្រទេសអាស៊ីទាំងបីខាងលើនេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ , ប្រទេសទាំងនេះត្រូវបានចោទប្រកាន់ពីបទឧបត្ថម្ភធនដល់ក្រុមហ៊ុនផលិតក្នុងស្រុកដោយអយុត្តិធម៌។
សម្ព័ន្ធសម្រាប់ការផលិត និងពាណិជ្ជកម្មសូឡាអាមេរិកបានទាមទារឱ្យមានការស៊ើបអង្កេតលើការឧបត្ថម្ភធន ដោយនិយាយថា ការស៊ើបអង្កេតមួយគឺត្រូវការដើម្បីការពារការផលិតរបស់សហរដ្ឋអាមេរិក។
ពន្ធបឋមត្រូវបានកំណត់ស្របតាមបរិមាណដែលឧបករណ៍សូឡាត្រូវបាននាំចូល។ ដូច្នេះ ការនាំចូលរបស់ឥណ្ឌានឹងត្រូវគិតថ្លៃ 126% ការដឹកជញ្ជូនរបស់ឥណ្ឌូនេស៊ី 86% ទៅ 143% និងអត្រា 81% ត្រូវបានកំណត់សម្រាប់ប្រទេសឡាវ នេះបើយោងតាមរបាយការណ៍របស់ Bloomberg។
ប្រែសម្រួលៈ ណៃ តុលា
