ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​ អនុញ្ញាតឱ្យលក់ប្រេងវេណេស៊ុយអេឡា​ ទៅកាន់ប្រទេសគុយបា

ញូវយ៉ក៖​ យោងតាមការធ្វើបច្ចុប្បន្នភាពពី OFAC ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) ក្រោមក្រសួងរតនាគារសហរដ្ឋអាមេរិក​ នឹងអនុញ្ញាតឱ្យលក់បន្តនៃប្រេងដើមវេណេស៊ុយអេឡាទៅកាន់វិស័យមិនមែនរដ្ឋាភិបាលរបស់ប្រទេសគុយបា។

ការិយាល័យនេះបានឧ្យដឹងថា ខ្លួននឹងអនុវត្ត “គោលនយោបាយផ្តល់អាជ្ញាប័ណ្ណអំណោយផល” ចំពោះពាក្យសុំអាជ្ញាប័ណ្ណជាក់លាក់ដែលស្វែងរកការអនុញ្ញាត​ សម្រាប់ការលក់បន្តប្រេងដើមវេណេស៊ុយអេឡាទៅកាន់ប្រទេសគុយបា។

យោងតាម ​​OFAC “គោលនយោបាយផ្តល់អាជ្ញាប័ណ្ណអំណោយផល” នេះត្រូវបានដឹកនាំឆ្ពោះទៅរកប្រតិបត្តិការរួមទាំងការនាំចេញ​ សម្រាប់ការប្រើប្រាស់ពាណិជ្ជកម្ម និងមនុស្សធម៌នៅក្នុងប្រទេសគុយបា និងវិស័យឯកជនផ្សេងទៀតរបស់ប្រទេសគុយបា។

OFAC បានឧ្យដឹងថា ប្រតិបត្តិការដែលពាក់ព័ន្ធ ឬសម្រាប់ផលប្រយោជន៍របស់បុគ្គល ឬអង្គភាពណាមួយដែលជាប់ទាក់ទងនឹងយោធា គុយបា សេវាស៊ើបការណ៍សម្ងាត់ ឬស្ថាប័នរដ្ឋាភិបាលផ្សេងទៀត នឹងមិនត្រូវបានគ្របដណ្តប់ដោយគោលនយោបាយផ្តល់អាជ្ញាប័ណ្ណអំណោយផលនេះទេ។

សហរដ្ឋអាមេរិក​ បានដាក់ឈ្មោះប្រទេសគុយបាថាជាការគំរាមកំហែងមិនធម្មតា  ចំពោះសន្តិសុខជាតិ ដោយថា ខ្លួននឹងបញ្ឈប់ប្រទេសគុយបា​ ពីការទទួលបានប្រេងរបស់ប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីប្រតិបត្តិការយោធាកាលពីខែមករា ដែលបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស​ ម៉ាឌូរ៉ូ ដោយបង្ខំ។ ខ្លួនបានគ្រប់គ្រងការនាំចេញប្រេងរបស់ប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការវាយឆ្មក់របស់យោធា៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top