ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីឥណ្ឌាថា ក្នុងពិភពលោក ដ៏មិនប្រាកដប្រជា នាពេលបច្ចុប្បន្ននេះ, ភាពជាដៃគូការពារជាតិដ៏រឹងមាំ រវាងដៃគូដែល គួរឱ្យទុកចិត្តដូចជាឥណ្ឌា និងអ៊ីស្រាអែល គឺមានសារៈសំខាន់ខ្លាំង

បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអបអរសាទរ ចំពោះចំណងមិត្តភាព របស់ប្រទេសឥណ្ឌាជាមួយអ៊ីស្រាអែល នៅក្នុងសុន្ទរកថាមួយទៅ កាន់សភារបស់អ៊ីស្រាអែល ដែលលោកបានលើក យកប្រពៃណីអរិយធម៌ និងភាពស្រដៀងគ្នាខាងទស្សនវិជ្ជា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងសុន្ទរកថារបស់ លោកទៅកាន់សភា Knesset ដែលជាសុន្ទរកថាលើកដំបូងរបស់នាយករដ្ឋមន្ត្រីឥណ្ឌា គឺលោក Modi ក៏បានពិពណ៌នាអំពីការការពារជាតិ និងសន្តិសុខថា ជា “សសរស្តម្ភសំខាន់ៗ” នៃចំណងមិត្តភាពទ្វេភាគី។

លោក Modi បានមានប្រសាសន៍ថា ” កាលពីខែវិច្ឆិកា ឆ្នាំមុន យើងបានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ”។ “នៅក្នុងពិភពលោកដ៏មិនប្រាកដប្រជានាពេលបច្ចុប្បន្ននេះ ភាពជាដៃគូការពារជាតិ ដ៏រឹងមាំរវាងដៃគូ ដែលគួរឱ្យទុកចិត្ត ដូចជាឥណ្ឌា និងអ៊ីស្រាអែល គឺមានសារៈសំខាន់ខ្លាំងណាស់”។

ប្រទេសឥណ្ឌាត្រូវបានគេរាយការណ៍ថា បានចូលទៅក្នុងកិច្ចព្រមព្រៀង អាវុធជាមួយអ៊ីស្រាអែលដែលមានតម្លៃ ៨,៦ ពាន់លានដុល្លារនៅឆ្នាំនេះ។

មេដឹកនាំឥណ្ឌារូបនេះបាននិយាយថា ប្រទេសនានាក៏នឹងធ្វើការយ៉ាងជិតស្និទ្ធក្នុងទម្រង់ផ្សេងៗគ្នាផងដែរ រួមទាំងច្រករបៀងសេដ្ឋកិច្ចឥណ្ឌា-មជ្ឈិមបូព៌ា-អឺរ៉ុប និងក្របខ័ណ្ឌ I2U2 រវាងឥណ្ឌា អ៊ីស្រាអែល អារ៉ាប់រួម និងសហរដ្ឋអាមេរិកផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top