អាមេរិកប្រកាសផ្តល់រង្វាន់១០ លានដុល្លារ សម្រាប់ការចាប់ខ្លួនបងប្អូន២នាក់ ដែលជាអ្នកដឹកនាំក្រុមជួញដូរគ្រឿងញៀន Sinaloa របស់ម៉ិកស៊ិក
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងចំណាយប្រាក់រហូតដល់ ១០ លានដុល្លារ សម្រាប់ព័ត៌មាន ដែលនាំទៅ ដល់ការចាប់ខ្លួន ឬការកាត់ទោសបងប្អូនពីរនាក់ ដែលត្រូវបានកំណត់ថា ជាមេដឹកនាំនៃក្រុមជួញដូរគ្រឿងញៀន Sinaloa របស់ប្រទេសម៉ិកស៊ិកនៅក្នុងរដ្ឋ Baja California ដែលរួមមាន ទីក្រុង Tijuana ផងដែរ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការផ្តល់ជូនរង្វាន់បានកើតឡើងនៅថ្ងៃដដែលដែលអាជ្ញាធរបានប្រកាសពីការចោទប្រកាន់ថ្មីប្រឆាំងនឹង Rene Arzate Garcia អាយុ ៤២ ឆ្នាំ ដែលត្រូវបានគេស្គាល់ថា ជា “La Rana” (“The Frog”)។ ដំបូងឡើយ គាត់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មគ្រឿងញៀននៅ ទីក្រុង San Diego។ ការចោទប្រកាន់រួមមាន ពីបទឃុបឃិត ភេរវកម្មគ្រឿងញៀន និងការគាំទ្រសម្ភារៈដល់អង្គការភេរវកម្មបរទេសដែលបានកំណត់។
សហរដ្ឋអាមេរិកកំពុងផ្តល់ប្រាក់ចំនួន ៥ លានដុល្លារសម្រាប់ព័ត៌មានអំពី Rene Arzate Garcia និង Alfonso Arzate Garcia អាយុ ៥២ ឆ្នាំ ដែលត្រូវបានគេ ស្គាល់ថាជា “Aquiles” (“Achilles”) ហើយទីតាំងរបស់ពួកគេ មិនទាន់ដឹងនៅឡើយទេ។
រង្វាន់ទាំងនេះត្រូវបានប្រកាសបួនថ្ងៃ បន្ទាប់ពីកងទ័ពម៉ិកស៊ិក បានសម្លាប់មេដឹកនាំ នៃក្រុមជួញដូរគ្រឿងញៀនជំនាន់ថ្មី Jalisco គឺលោក Nemesio Rubén Oseguera Cervantes ដែលមានឈ្មោះថា “El Mencho” ។ ស្តេចគ្រឿងញៀនរូបនេះគឺជារង្វាន់ដ៏ធំបំផុត របស់រដ្ឋាភិបាលម៉ិកស៊ិក ដែលមិនធ្លាប់បង្ហាញដល់រដ្ឋបាលលោក Trump ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្ក្រាប ក្រុមជួញដូរគ្រឿងញៀនទាំងនោះ៕
ប្រែប្រួលៈ ណៃ តុលា
