មេទ័ពអាកាសថៃ ទៅជួបឧត្តមសេនីយ៍ មីន អ៊ុងលាំង ដល់ទីក្រុងណៃពិដោរ បន្ទាប់ពីយោធាមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក ដាក់ភូមិមួយនៅរដ្ឋរ៉ាឃីន សម្លាប់មនុស្សអស់១៨នាក់
បរទេស៖ យោធាថៃ បាននិយាយថា មេបញ្ជាការកងទ័ពអាកាស លោក សេកសាន កាន់តា នៅថ្ងៃទី ២៧ ខែកុម្ភៈបានធ្វើទស្សនកិច្ចនៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ដើម្បីពិភាក្សាជាមួយប្រមុខយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អ៊ុងលាំង មេដឹកនាំយោធា។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីយន្តហោះចម្បាំងរបស់យោធាមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកលើទីផ្សារមួយក្នុងឃុំ Ponnagyun រដ្ឋរ៉ាឃីន ដែលជាតំបន់ដែលគ្រប់គ្រងដោយកងទ័ពអារ៉ាកាន ដែលបានសម្លាប់ជនស៊ីវិលចំនួន ១៨ នាក់ ភាគច្រើនជាស្ត្រី និងកុមារ។ ពីរថ្ងៃមុននេះ ការវាយប្រហារតាមអាកាសលើឃុំ Myinmu ក្នុងតំបន់សាហ្គៃ បានសម្លាប់មនុស្ស ៩ នាក់ រួមទាំងកុមារអាយុក្រោម ៥ ឆ្នាំម្នាក់ផងដែរ។
មួយថ្ងៃមុនដំណើរទស្សនកិច្ចនេះ កងទ័ពអាកាសថៃ បាននិយាយថា លោក សេកសាន ក៏បានពិភាក្សាជាមួយមេបញ្ជាការ ជាន់ខ្ពស់កងទ័ព អាកាសមីយ៉ាន់ម៉ានៅទីក្រុង ណៃពិដោ ដើម្បីពង្រឹងទំនាក់ទំនង និងលើកកម្ពស់កិច្ច សហប្រតិបត្តិការ សន្តិសុខ។ កិច្ចពិភាក្សានេះផ្តោតលើការកសាងទំនុកចិត្តនៅកម្រិតកងទ័ពអាកាស ការពង្រីកការបណ្តុះបណ្តាល និងការអភិវឌ្ឍបុគ្គលិក និងការបង្កើនការសម្របសម្រួលក្នុងចំណោមមេបញ្ជាការ ដើម្បីជំរុញការត្រៀមខ្លួន និងគាំទ្រស្ថិរភាពតាមបណ្តោយព្រំដែន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់យោធា ភាគីទាំងពីរបានពិភាក្សាអំពីការហ្វឹកហ្វឺនកងទ័ពអាកាសរួមគ្នា និងកិច្ចសហប្រតិបត្តិការយោធាកាន់តែទូលំទូលាយ។ លោកឧត្តមសេនីយ៍ មីន អ៊ុង លាំង បានពិពណ៌នាអំពីការបោះឆ្នោតខែធ្នូ-មករា ថាជា «ជោគជ័យ» ដោយពណ៌នាអំពីយោធាថាជា «អាណាព្យាបាលអចិន្ត្រៃយ៍» នៃលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា និងអះអាងថាអ្នកបោះឆ្នោតបានចូលរួមដោយស្ម័គ្រចិត្តដោយគ្មានការតវ៉ាធំដុំ។
កងទ័ពអាកាសភូមិន្ទថៃ បាននិយាយថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះវិជ្ជាជីវៈ និងក្នុងការជំរុញកិច្ចសហប្រតិបត្តិការ សន្តិសុខសម្រាប់ផលប្រយោជន៍ជាតិ និងស្ថិរភាពក្នុងតំបន់៕
ប្រែសម្រួលៈ ណៃ តុលា
