រដ្ឋមន្រ្តីការពារជាតិប៉ាគីស្ថានថា ពេលនេះប៉ាគីស្ថាន អស់ការអត់ធ្មត់ហើយ, នេះជាសង្គ្រាមបើកចំហរ ជាមួយអាហ្វហ្គានីស្ថាន
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថាន បាននិយាយថា ប្រទេសប៉ាគីស្ថាន អស់ “ការអត់ធ្មត់” ហើយចាត់ទុកថាពេលនេះ គឺមាន “សង្គ្រាមដោយបើកចំហ” ជាមួយអាហ្វហ្គានីស្ថាន បន្ទាប់ពីប្រទេសទាំងពីរ បានបើកការវាយប្រហារបន្ទាប់ពីការវាយប្រហារ ឆ្លងព្រំដែនអាហ្វហ្គានីស្ថាន។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងការបង្ហោះមួយនៅលើ X នៅថ្ងៃសុក្រ, រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថាន លោក Khawaja Mohammad Asif បាននិយាយថា ប្រទេសប៉ាគីស្ថានបានសង្ឃឹមសម្រាប់សន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការដកកងកម្លាំងណាតូ ហើយរំពឹងថា ពួកតាលីបង់នឹងផ្តោតលើសុខុមាលភាពរបស់ប្រជាជនអាហ្វហ្គានីស្ថាន និងស្ថិរភាពក្នុងតំបន់។ ផ្ទុយទៅវិញ លោកបានចោទប្រកាន់ថា ពួកតាលីបង់ បានប្រែក្លាយអាហ្វហ្គានីស្ថាន “ទៅជាអាណានិគមរបស់ឥណ្ឌា” បានប្រមូលផ្តុំពួក សកម្មប្រយុទ្ធមកពីជុំវិញពិភពលោក និងបានចាប់ផ្តើម “នាំចេញភេរវកម្ម”។
លោកបាននិយាយថា “ការអត់ធ្មត់របស់យើងឥឡូវនេះគឺអស់ហើយ។ ឥឡូវនេះវាជាសង្គ្រាមបើកចំហរវាងពួកយើង” ប៉ុន្តែយ៉ាងណាក៏ដោយ មិនមានប្រតិកម្មពីមន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថានចំពោះការអត្ថាធិប្បាយរបស់លោក Asif នោះទេ។
ប្រទេសប៉ាគីស្ថានតែងតែចោទប្រកាន់ប្រទេសជិតខាងឥណ្ឌាថា គាំទ្រកងទ័ពរំដោះ Baloch ដែលត្រូវបានហាមឃាត់ និងពួកតាលីបង់ប៉ាគីស្ថាន ប៉ុន្តែត្រូវបានទីក្រុងញូវដេលី បដិសេធចោល៕
ប្រែសម្រួលៈ ណៃ តុលា
