អ៊ុយក្រែន ចាប់ផ្ដេីមពង្រឹងបន្ទាយកងទ័ព តាមបណ្តោយព្រំដែន ជាមួយបេឡារុស្ស
គៀវ៖ អ្នកនាំពាក្យសេវាឆ្មាំព្រំដែនរដ្ឋ លោក Andrii Demchenko បានឧ្យដឹងថា អ៊ុយក្រែន កំពុងពង្រឹងព្រំដែនរដ្ឋរបស់ខ្លួនជាមួយបេឡារុស្ស និងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួននៅភាគខាងជើងប្រទេស។
លោក Demchenko ដូចដែលបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែន Ukrinform បានឧ្យដឹងថា ព្រំដែនប្រវែងជាង ១០០០គីឡូម៉ែត្រជាមួយបេឡារុស្ស កំពុងត្រូវបានពង្រឹង ដើម្បីទប់ទល់ នឹងការគំរាមកំហែង ដែលអាចកើតមាន ដោយពណ៌នាអំពីទិសដៅភាគខាងជើងថា មានភាពរសើបជាប់លាប់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។
លោកបានបន្ថែមថា មិនមានការផ្លាស់ប្តូរ ឬចលនារបស់កងទ័ព ឬឧបករណ៍បេឡារុសត្រូវបានគេសង្កេតឃើញនៅជិតព្រំដែននោះទេ ហើយស្ថានភាពនៅតែស្ថិតក្រោមការត្រួតពិនិត្យជាប្រចាំ។
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ Ukrinform ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងពីមុនថា រុស្ស៊ី និងបេឡារុស្ស កំពុងពិភាក្សាគ្នាម្តងទៀតអំពីសមយុទ្ធយោធារួមគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា
