លោក ដូណាល់ ត្រាំ បញ្ជាក់ថា សហរដ្ឋអាមេរិក ប្រឈមមុខនឹងការសម្រេចចិត្ត ដ៏ធំមួយលើអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹង «ការសម្រេចចិត្តដ៏ធំមួយដែលត្រូវធ្វើ» លើអ៊ីរ៉ង់។
លោក ត្រាំ បានឧ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋតិចសាស់ថា «យើងមានការសម្រេចចិត្តដ៏ធំមួយដែលត្រូវធ្វើ» ថាតើត្រូវវាយប្រហារអ៊ីរ៉ង់ឬអត់ ហើយជម្រើសគឺ «មិនងាយស្រួលនោះទេ»។
លោកបានលេីកឡេីងថា កិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ ត្រូវតែបំពេញតាមលក្ខខណ្ឌរបស់ទីក្រុងវ៉ាស៊ីនតោន។ លោកបានបន្ដថា «ពួកគេចង់ធ្វើកិច្ចព្រមព្រៀង ប៉ុន្តែត្រូវធ្វើកិច្ចព្រមព្រៀង ដែលមានអត្ថន័យ ខ្ញុំចង់ធ្វើវាដោយសន្តិវិធី ប៉ុន្តែពួកគេជាមនុស្ស ដែលពិបាកដោះស្រាយជាមួយណាស់»។
មុននេះបន្តិចនៅថ្ងៃសុក្រ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា លោក «មិនសប្បាយចិត្ត» ជាមួយនឹងរបៀប ដែលកិច្ចចរចានុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងដំណើរការនោះទេ ប៉ុន្តែមិនទាន់បានធ្វើការសម្រេចចិត្តចុង ក្រោយលើប្រតិបត្តិការយោធា ដែលអាចកើតមានប្រឆាំងនឹងអ៊ីរ៉ង់នៅឡើយទេ។
លោកបានបន្ថែមថា «ខ្ញុំចង់មិនប្រើប្រាស់» កងកម្លាំងអាមេរិក «ប៉ុន្តែពេលខ្លះអ្នកត្រូវតែធ្វើដូច្នេះ»។ រដ្ឋបាលលោក ត្រាំ បានបង្កើនការដាក់ពង្រាយ យោធា របស់ខ្លួននៅមជ្ឈិមបូព៌ា ដោយបញ្ជូនកងអនុសេនាធំចម្បាំងបន្ថែម និងដាក់ក្រុមវាយប្រហារនាវាផ្ទុក យន្តហោះពីរក្រុមនៅក្នុងតំបន់។
នាវាផ្ទុកយន្តហោះ USS Gerald R. Ford បានមកដល់ឆ្នេរសមុទ្រអ៊ីស្រាអែល នៅថ្ងៃសុក្រ ដោយចូលរួមជាមួយនាវាផ្ទុកយន្តហោះ USS Abraham Lincoln ដែលបានប្រតិបត្តិការនៅសមុទ្រអារ៉ាប់ចាប់តាំងពីចុងខែមករា៕
ប្រែសម្រួល ឈូក បូរ៉ា
