ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថា កងទ័ពអាមេរិក បានបាញ់កំទេចនាវាចម្បាំង អ៊ីរ៉ង់ អស់៩គ្រឿងមកហើយ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារពន្លិចនាវា ចម្បាំងអ៊ីរ៉ង់ចំនួន ៩ គ្រឿង និងបានបំផ្លាញទីស្នាក់ការ កងទ័ពជើងទឹកអ៊ីរ៉ង់ យ៉ាងច្រើនផ្សេងទៀត។

លោក Trump បាននិយាយនៅក្នុងការបង្ហោះ នៅលើ Truth Social ថា ៖ខ្ញុំទើបតែបានទទួលដំណឹងថា យើងបានបំផ្លាញ និងពន្លិចកប៉ាល់កងទ័ពជើងទឹកអ៊ីរ៉ង់ចំនួន៩គ្រឿង ដែលខ្លះមានទំហំធំ និងជាយុទ្ធសាស្ត្រសំខាន់ផងដែរ។

លោក Trump បាននិយាយថា ៖នៅក្នុងការវាយប្រហារផ្សេងគ្នា យើងបានបំផ្លាញទីស្នាក់ការ កងទ័ពជើងទឹក របស់ពួកគេភាគច្រើនផ្សេងទៀតហើយលោកបន្ថែមថា យោធាសហរដ្ឋអាមេរិក កំពុងបន្តតាមពីក្រោយកងនាវាចរ របស់អ៊ីរ៉ង់ដែលនៅសេសសល់ផ្សេងទៀតផងដែរ។

កាលពីព្រឹកថ្ងៃអាទិត្យ លោក Trump បានប្រាប់ Fox News ថា មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចំនួន៤៨ នាក់ ត្រូវបានសម្លាប់ នៅក្នុងការ វាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់។

គួរឲ្យដឹងដែរថាទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក ក៏បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារទៅលើនាវាចម្បាំង Jamaran-class របស់អ៊ីរ៉ង់នៅពេលចាប់ផ្តើម យុទ្ធនាការយោធាដែលមានឈ្មោះថា Operation Epic Fury នៅព្រឹកថ្ងៃសៅរ៍៕

ប្រែសម្រួល៖ស៊ុនលី

To Top