ចិន-រុស្ស៊ី ជួបពិភាក្សាគ្នា ជុំវិញការវាយប្រហារ របស់អាមេរិក និងអ៊ីស្រាអែល លេីអ៊ីរ៉ង់
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានធ្វើការសន្ទនា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov តាមការស្នើសុំរបស់លោក វ៉ាង យី ជុំវិញការ វាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល លេីអ៊ីរ៉ង់។
លោក វ៉ាង យី ដែលក៏ជាសមាជិក នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានឧ្យដឹងថា ក្រោមការជំរុញ របស់ចិន និងរុស្ស៊ី ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់ មួយកាលពីថ្ងៃសៅរ៍ ស្តីពីស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសអ៊ីរ៉ង់។
លោកបានលេីកឡេីងថា ប្រទេសចិនតែងតែគាំទ្រ គោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រឆាំងនឹងការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។
លោកបានបន្ដថា វាមិនអាច ទទួលយកបានទេ សម្រាប់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្នុងការវាយប្រហារលើអ៊ីរ៉ង់ ក្នុងអំឡុងពេលចរចាអ៊ីរ៉ង់- សហរដ្ឋអាមេរិក ដោយបន្ថែមថា វាក៏មិនអាចទទួលយក បានដែរសម្រាប់ពួកគេ ក្នុងការសម្លាប់មេដឹកនាំនៃរដ្ឋអធិបតេយ្យមួយដោយចេតនា និងញុះញង់ឱ្យមានការផ្លាស់ប្តូររដ្ឋាភិបាល។
លោក វ៉ាង យី បានចង្អុលបង្ហាញថា សកម្មភាពទាំងនេះ រំលោភលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ។
ដោយកត់សម្គាល់ថា ការកើនឡើង នៃភាពតានតឹង បានរីករាលដាលពាសពេញឈូងសមុទ្រពែរ្ស លោក បានបន្ថែមថា ស្ថានភាពនៅមជ្ឈិមបូព៌ា អាចត្រូវបានរុញច្រានចូលទៅ ក្នុងទីជ្រៅបំផុតដ៏គ្រោះថ្នាក់ ហើយប្រទេសចិនមាន ការព្រួយបារម្ភយ៉ាងខ្លាំង អំពីរឿងនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា
