ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ ព្រមានថា​ ការវាយប្រហារ ដោយកម្លាំងពេញ លេញរបស់អាមេរិក​ នឹងមានអ្នកស្លាប់ និងរបួសកាន់តែច្រើន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា​ ប្រតិបត្តិការប្រយុទ្ធរបស់សហរដ្ឋអាមេរិក បន្តនៅពេលនេះដោយកម្លាំងពេញលេញ ដោយព្យាករណ៍ថានឹងមានអ្នកស្លាប់ និងរបួសកាន់តែច្រើននៅប៉ុន្មានថ្ងៃខាងមុខ។

លោក ត្រាំ បាននិយាយនៅក្នុងសារវីដេអូ រយៈពេលប្រាំមួយនាទីនៅលើ Truth Social ដោយមិនបានបញ្ជាក់ថា គោលបំណងជាអ្វីនោះទេ «ប្រតិបត្តិការប្រយុទ្ធ នៅតែបន្តនៅពេលនេះ ដោយកម្លាំងពេញលេញ ហើយពួកគេនឹងបន្ត រហូតដល់គោលបំណង ទាំងអស់របស់យើងត្រូវបានសម្រេច​ យើងមានគោលបំណងដ៏រឹងមាំណាស់»។

លោកបាននិយាយអំពីលទ្ធភាពនៃការស្លាប់ និងរបួសកាន់តែច្រើន របស់សហរដ្ឋអាមេរិក ដោយអះអាងថានោះហើយជារបៀប​ ដែលវាមាន។

លោក ត្រាំ បានធ្វើម្តងទៀតនូវការអំពាវនាវរបស់លោកលើសមាជិកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ឱ្យទម្លាក់អាវុធរបស់ពួកគេ​ ដើម្បីទទួលអភ័យឯកសិទ្ធិពេញលេញ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានប្រាប់ ABC News កាលពីថ្ងៃអាទិត្យថា គ្មានមេដឹកនាំប្រទេសណាមួយមានសិទ្ធិប្រាប់អ៊ីរ៉ង់កុំឱ្យឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសដ៏ធំសម្បើមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់នោះទេ ដោយលោកបញ្ជាក់ថា ប្រទេសរបស់លោកមាន សិទ្ធិគ្រប់យ៉ាងក្នុងការការពារខ្លួន ហើយកងកម្លាំងអ៊ីរ៉ង់ «មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារប្រទេសរបស់យើង»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top