ប្រព័ន្ធការពារដែន អាកាសរបស់ប្រទេសគុយវ៉ែត ច្រឡំបាញ់ទម្លាក់យន្តហោះចម្បាំង F-15 របស់អាមេរិក ធ្លាក់ ៣គ្រឿង
បរទេស៖ មន្ត្រីយោធាបាននិយាយថា យន្តហោះចម្បាំងអាមេរិកចំនួនបីគ្រឿងត្រូវបានបាញ់ទម្លាក់ដោយអចេតនានៅលើប្រទេសគុយវ៉ែតកាលពីព្រឹកថ្ងៃចន្ទ ដែលជាឧប្បត្តិហេតុ “friendly fire” ហើយ សមាជិកនាវិកក្នុងយន្តហោះទាំងប្រាំមួយនាក់បានលោតឆ័ត្រចេញដោយសុវត្ថិភាព។
យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ថា យោងតាមសេចក្តីថ្លែងការណ៍មួយ ពីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (Centcom) គឺថា ប្រព័ន្ធការពារដែនអាកាស របស់ប្រទេសគុយវ៉ែត បានបាញ់ទៅលើយន្តហោះចម្បាំង F-15 ក្នុងអំឡុងពេលបេសកកម្មប្រយុទ្ធនៅថ្ងៃទីបីនៃជម្លោះ បន្ទាប់ពីការបាញ់ប្រហារតាមអាកាសរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍។
Centcom របស់អាមេរិក បាននិយាយថា សមាជិកនាវិកដែលបានលោតចេញត្រូវបានគេជួយសង្គ្រោះ ហើយស្ថិតក្នុង “ស្ថានភាពស្ថិរភាព”
សេចក្តីថ្លែងការណ៍នេះបាននិយាយថា “ក្នុងអំឡុងពេលប្រយុទ្ធសកម្ម – ដែលរួមមានការវាយប្រហារពីយន្តហោះអ៊ីរ៉ង់ មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើក – យន្តហោះចម្បាំងរបស់កងទ័ពអាកាស អាមេរិកត្រូវបានបាញ់ទម្លាក់ ដោយអចេតនាដោយប្រព័ន្ធការពារ ដែនអាកាសគុយវ៉ែត”៕
ប្រែសម្រួលៈ ណៃ តុលា
