ព័ត៌មានអន្តរជាតិ

​ លោក ដូណាល់​ ត្រាំ​ អះអាងថា សហរដ្ឋអាមេរិក​ នឹងអមដំណើរនាវាដឹកប្រេង ឆ្លងកាត់ច្រកសមុទ្រ Hormuz ប្រសិនបើចាំបាច់

ញូវយ៉ក៖​ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក​ នឹងចាប់ផ្តើមអមដំណើរនាវាដឹកប្រេង ឆ្លងកាត់ច្រកសមុទ្រ Hormuz ប្រសិនបើចាំបាច់។

លោក ត្រាំ បានឧ្យដឹងនៅក្នុងការបង្ហោះមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ប្រសិនបើចាំបាច់ កងទ័ពជើងទឹកសហរដ្ឋអាមេរិក​ នឹងចាប់ផ្តើមអមដំណើរនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

លោកបានលេីកឡេីងថា លោកបានបញ្ជាឱ្យសាជីវកម្មហិរញ្ញវត្ថុ អភិវឌ្ឍន៍អន្តរជាតិ (DFC) របស់សហរដ្ឋអាមេរិក ផ្តល់អ្វីដែលហៅថា ការធានារ៉ាប់រងហានិភ័យនយោបាយ និងការធានាសម្រាប់ពាណិជ្ជកម្មតាមសមុទ្រ ជាពិសេសថាមពល “ដែលធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រ”។

ស្ថិតនៅចន្លោះឈូងសមុទ្រ និងឈូងសមុទ្រអូម៉ង់ ច្រកសមុទ្រ Hormuz បម្រើជាផ្លូវសមុទ្រតែមួយគត់ពីឈូងសមុទ្រទៅកាន់មហាសមុទ្របើកចំហ ដោយពង្រឹងឋានៈរបស់ខ្លួនជាចំណុចកកស្ទះដ៏សំខាន់បំផុតមួយរបស់ពិភពលោក។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz មិនឱ្យដឹកជញ្ជូនទំនិញ ដោយប្រកាសថា ផ្លូវទឹកប្រេង និងឧស្ម័នដ៏សំខាន់នេះមិនមានសុវត្ថិភាព ដោយសារតែការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top