សេតវិមានអាមេរិក អះអាងថា កងកម្លាំងអាមេរិក នឹងមានឥទ្ធិពលពេញលេញ លើដែនអាកាសអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ
វ៉ាស៊ីនតោន៖ លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមាន បានឧ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិក នឹងមានការគ្រប់គ្រងទាំងស្រុង លើដែនអាកាសអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានម៉ោង ខាងមុខនេះ។
លោកស្រី Leavitt បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់សេតវិមានថា «យើងរំពឹងថា នឹងមានការគ្រប់គ្រងទាំងស្រុង លើដែនអាកាសអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ»។
លោកស្រីបានបន្ថែមថា ការដាក់ពង្រាយកងទ័ពជើងគោក របស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ីរ៉ង់ មិនទាន់ត្រូវបានគ្រោងទុក នៅឡើយទេ ទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយពីមុនថា លោកបើកចំហ ចំពោះជម្រើសនេះនាពេលអនាគតក៏ដោយ។
មុននេះបន្តិច រដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Pete Hegseth បានឧ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានរបស់មន្ទីរបញ្ចកោណថា ប្រតិបត្តិការយោធា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់នៅតែស្ថិត ក្នុងដំណាក់កាលដំបូងនៅឡើយ។
លោក Dan Caine ប្រធានអគ្គសេនាធិការចម្រុះ របស់អាមេរិក បានឧ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិកនឹង ចាប់ផ្តើមវាយប្រហារកាន់តែជ្រៅទៅក្នុងទឹកដីអ៊ីរ៉ង់ នៅពេលដែលប្រតិបត្តិការកំពុងពង្រីក។
កងកម្លាំងការពារជាតិ អ៊ីស្រាអែល បានប្រាប់ CNN ថា អ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធលីបង់ Hezbollah បានធ្វើការវាយប្រហារ សម្របសម្រួល លើកដំបូងរបស់ពួកគេទៅលើ អ៊ីស្រាអែល ចំពេលមានការកើនឡើង នៃសង្គ្រាមជាបន្តបន្ទាប់៕
ប្រែសម្រួល ឈូក បូរ៉ា
