ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់បដិសេធ​ ការបាញ់មីស៊ីលផ្លោងឆ្ពោះ ទៅកាន់ទឹកដីប្រទេសតួកគី និងបានទទូចថា អ៊ីរ៉ង់ គឺគោរពអធិបតេយ្យភាព របស់តួកគី

បរទេស៖ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានបដិសេធការបាញ់មីស៊ីលណាមួយឆ្ពោះទៅកាន់ទឹកដីតួកគី ដោយទទូចថា អ៊ីរ៉ង់គឺគោរពអធិបតេយ្យភាព របស់ប្រទេសតួកគី , នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

យោងតាមសារព័ត៌មាន AL Jazeera ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ថា សេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍នេះ បានកើតឡើងបន្ទាប់ពីក្រសួង ការពារជាតិតួកគី បាននិយាយកាលពីថ្ងៃពុធថា មីស៊ីលបាលីស្ទីកមួយគ្រាប់ដែលបាញ់ ចេញពីអ៊ីរ៉ង់ឆ្ពោះទៅកាន់ ដែនអាកាសតួកគី បន្ទាប់ពីឆ្លងកាត់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរបស់ណាតូ លើតំបន់មេឌីទែរ៉ាណេ ភាគខាងកើត។ គេមិនច្បាស់ថាមីស៊ីលនោះមានគោលដៅទៅទីណានោះទេ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “គ្រាប់មីស៊ីលបាលីស្ទីកមួយគ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់ ដែលត្រូវបានរកឃើញថា ឆ្លងកាត់ដែនអាកាសអ៊ីរ៉ាក់ និងស៊ីរី ហើយឆ្ពោះទៅកាន់ដែនអាកាសតួកគី ត្រូវបានវាយប្រហារទាន់ពេលវេលា ដោយប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរបស់ណាតូ ដែលឈរជើងនៅភាគខាងកើតមេឌីទែរ៉ាណេ ។

ក្រសួងបាននិយាយថា មិនមានអ្នកស្លាប់ ឬរបួសនោះទេ ដោយបន្ថែមថា ទីក្រុងអង់ការ៉ារក្សាសិទ្ធិក្នុងការឆ្លើយតប ទៅនឹងសកម្មភាពអរិភាពណាមួយប្រឆាំងនឹងខ្លួន ខណៈពេលដែលព្រមានភាគីនានាឱ្យចៀសវាងការបង្កើនជម្លោះ។

To Top