ព័ត៌មានអន្តរជាតិ

មេដឹកនាំក្រុមសកម្មប្រយុទ្ធហេសបូឡា សច្ចាថា នឹងបន្តការប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល

បរទេស៖ មេដឹកនាំក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ បានសច្ចានៅថ្ងៃពុធថា នឹងបន្តការប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល ដែលកងកម្លាំងរបស់ពួកគេបានរុញច្រាន ចូលទៅក្នុងទីក្រុងព្រំដែនជាច្រើន និងបានធ្វើការវាយប្រហារតាមអាកាសនៅជុំវិញប្រទេសលីបង់សម្រាប់ថ្ងៃទីបី។

យោងតាមសារព័ត៌មាន FRANCE24 ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ថា ប្រទេសលីបង់ត្រូវបានអូសទាញ ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា កាលពីថ្ងៃចន្ទ នៅពេលដែលហេសបូឡាបានវាយប្រហារអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅ នឹងការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក អាយ៉ាតូឡា អាលី ខាមេនី ក្នុងអំឡុងពេលវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលកាលពីចុងសប្តាហ៍។

ក្រុមនេះបានបង្កើនការវាយប្រហាររបស់ខ្លួននៅថ្ងៃពុធ ដោយនិយាយថា ខ្លួនបានកំណត់គោលដៅទីតាំងអ៊ីស្រាអែលរហូតដល់ទីក្រុងតែលអាវីវ ក្នុងការវាយប្រហារយ៉ាងហោចណាស់ ១៥ ដង។

មេដឹកនាំហេសបូឡា លោក ណាអ៊ីម កាសេម បានប្រកាសនៅក្នុងសុន្ទរកថាដំបូងរបស់លោកចាប់តាំងពីការប្រយុទ្ធគ្នាចុងក្រោយបានផ្ទុះឡើងថា “យើងកំពុងប្រឈមមុខនឹងការឈ្លានពាន… ជម្រើសរបស់យើងគឺត្រូវប្រឈមមុខនឹងវារហូតដល់ការលះបង់ចុងក្រោយ ហើយយើងនឹងមិនចុះចាញ់ឡើយ”៕
ប្រែសម្រួលៈ ណៃ តុលា

To Top