អាមេរិកប្រើមីស៊ីល Mark 48 torpedo តម្លៃ ២លានដុល្លារកន្លះ កម្ទេចនាវាចម្បាំងថ្មីបំផុតរបស់អ៊ីរ៉ង់
បរទេស៖ នាវាចម្បាំងកងទ័ពជើងទឹកអ៊ីរ៉ង់ IRIS Dena បានលិច ដោយគ្រាប់មីស៊ីល torpedo ដែលបាញ់ចេញពីនាវាមុជទឹកអាមេរិកមួយគ្រឿង នៅឯឆ្នេរសមុទ្រស្រីលង្កា ដែលកងទ័ពជើងទឹករបស់ខ្លួនបាននិយាយថា បានរកឃើញសាកសពចំនួន ៨៧ នាក់ និងជួយសង្គ្រោះមនុស្សចំនួន ៣២ នាក់។
យោងតាមសារព័ត៌មាន The Sydney Morning Herald ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីការបរទេសស្រីលង្កា លោក Vijitha Herath បានប្រាប់សភាថា នាវានេះបានបញ្ជូនសញ្ញាអាសន្នស្នើសុំជំនួយនៅម៉ោងប្រហែល ៦ ព្រឹក។ ក្រោយមក នាវា និងយន្តហោះត្រូវ បានបញ្ជូនទៅបេសកកម្មជួយសង្គ្រោះ ហើយបានរកឃើញកន្លែងមានធ្លាយប្រេង និងក្បូនសង្គ្រោះជីវិត រួមជាមួយអ្នកនៅរស់រានមានជីវិតចំនួន ៣២ នាក់ និងសាកសពចំនួន ៨៧ នាក់។
មីស៊ីល Mark 48 (MK-48) គឺជាគ្រាប់មីស៊ីល torpedo ប្រឆាំងនាវាមុជទឹក និងប្រឆាំងផ្ទៃទឹកទម្ងន់ធ្ងន់ មានតម្លៃ ២,៥លានដុល្លារ ដែលប្រើប្រាស់ដោយកង ទ័ពជើងទឹកអាមេរិក និងសម្ព័ន្ធមិត្ត។ វាត្រូវបានបាញ់ចេញពីនាវាមុជទឹក ដោយប្រើប្រាស់ខ្សែណែនាំ សម្រាប់ការកំណត់គោលដៅដំបូង ។ អាវុធនេះផ្ទុះនៅក្រោមនាវា ដើម្បីបំបែកឆ្អឹងកងរបស់នាវា ឬបំផ្ទុះនៅជិតសំបកសម្ពាធនៃនាវាមុជទឹកសត្រូវ ដែលបង្កើតរលកបង្ហាញដ៏ធំ។
ចំណែកនាវាចម្បាំង IRIS Dena របស់អ៊ីរ៉ង់ដែលត្រូវបានអាមេរិក បាញ់កម្ទេចនោះ គេមិនបានដឹងអំពីតម្លៃនៅឡើយទេ ដោយនាវា IRIS Denaនេះ គឺជានាវាចម្បាំងថ្មីបំផុតមួយរបស់អ៊ីរ៉ង់ ដែលត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០១៥។
នាវាចម្បាំង IRIS Dena បានបម្រើការជានាវាល្បាតទឹកជ្រៅ ហើយត្រូវបានបំពាក់ដោយកាំភ្លើងធំធុនធ្ងន់ មីស៊ីលបាញ់ទៅអាកាស មីស៊ីលប្រឆាំងនាវា និងមីស៊ីលផ្លោង torpedo។ វាបានផ្ទុកឧទ្ធម្ភាគចក្រមួយគ្រឿង៕
