ព័ត៌មានអន្តរជាតិ

គុយបា​ ជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវការរំលោភច្បាប់អន្តរជាតិ ចំពេលមានសង្គ្រាមផ្ទុះឡេីងនៅមជ្ឈិមបូព៌ា

ហាវ៉ាណា៖​ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវការរំលោភច្បាប់អន្តរជាតិ ចំពេលមានការកើនឡើងនៃសង្គ្រាមប្រដាប់អាវុធនៅមជ្ឈិមបូព៌ា។

លោក Diaz-Canel បានឧ្យដឹងនៅលើបណ្ដាញសង្គម​ X ថា “គុយបាចូលរួមក្នុងការអំពាវនាវអន្តរជាតិ ដើម្បីបញ្ចប់ជាបន្ទាន់នូវការរំលោភច្បាប់អន្តរជាតិ ដែលបណ្តាលមកពីការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ និងលីបង់ ដែលពាក់ព័ន្ធនឹងការធ្វើឃាតនយោបាយ និងការវាយប្រហារដោយមិនរើសអើង”។

លោកបានលេីកឡេីងថា គុយបាតស៊ូមតិឱ្យគោរពអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រជាជាតិទាំងអស់នៅក្នុងតំបន់ និងជំរុញឱ្យបញ្ឈប់សកម្មភាពដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់រដ្ឋឈូងសមុទ្រ ដែលគុយបារក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយ។

លោកបន្ដថា “គុយបាផ្តល់សច្ចាប័នលើការអំពាវនាវឱ្យរក្សាគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ការសម្របសម្រួល និងការសន្ទនានៅពេលនេះ”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top